ប្រធានរដ្ឋសភាទទួលជួបសំណេះ សំណាលនិងផ្តល់អនុសាសន៍ជូនដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍”នៃសាលាភូមិន្ទរដ្ឋបាល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៦--សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ជូនដល់ សិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាលក្នុងវគ្គបណ្តុះ បណ្តាល ជំនាន់ទី៨ ស្ដីអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ជំនាន់ទី៨ មានសិក្ខាកាមចូលរួមចំនួន ១៧៩នាក់ ក្នុងនោះស្រីចំនួន ២៦នាក់ ដែលបានកំពុងបំពេញការងារក្នុងមុខតំណែងជាថ្នាក់ដឹកនាំនិងថ្នាក់គ្រប់គ្រងនៅតាមក្រសួងស្ថាប័ន អង្គភាពថ្នាក់ជាតិចាប់ពីថ្នាក់រដ្ឋលេខាធិការ រហូតដល់ថ្នាក់ប្រធាននាយកដ្ឋាន ឬតំណែងប្រហាក់ប្រហែល និងនៅថ្នាក់ក្រោមជាតិ ចាប់ពីអភិបាលខេត្ត អភិបាលក្រុង ស្រុក ខណ្ឌ ឬតំណែងប្រហាក់ប្រហែល។ វគ្គសិក្សានេះ មានរយៈពេល៨សប្តាហ៍។

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានគូសបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នក ដឹកនាំ និងនវានុវត្តន៍ មានគោលបំណងរួមចំណែកដល់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤-២០២៨ នៃវិធានគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារ ណៈឱ្យមានប្រសិទ្ធភាព តាមរយៈការអភិវឌ្ឍសមត្ថភាព ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍សម្រាប់មន្រ្តីរាជការក្នុងមុខតំណែងដឹកនាំនិងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធិភាពនៃការដឹកនាំប្រកបដោយនវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពមានភាពបត់បែនឆ្លើយតបនឹងបរិបទសកលភាវូបនីយកម្ម និងបរិវត្តកម្មឌីជីថលដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ស្របតាមការតម្រង់ទិសនៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការទទួលស្វាគមន៍ សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញមកកាន់រដ្ឋសភា ក្នុងឱកាសនេះ។
សម្តេចបានកោតសរសើរ ចំពោះវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ដែលផ្តួចផ្តើមបង្កើតឡើងក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងដោយមាន ឯកឧត្តម យក់ ប៊ុណ្ណា ជាអ្នកអនុវត្តផ្ទាល់។ ឆ្លងកាត់បទពិសោធជាច្រើនវគ្គកន្លងមក កម្មវិធីនេះបានក្លាយជាយន្តការគន្លឹះដ៏មានប្រសិទ្ធិភាព ក្នុងការកសាងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជូនដល់មន្ត្រីជាន់ខ្ពស់ ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការអនុវត្តកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។

សម្តេចបានកត់សម្គាល់ថា អ្វីដែលជាទីមោទនៈសម្រាប់វគ្គទី៨នេះ គឺការបោះជំហានប្រកបដោយស្មារតីម្ចាស់ការរបស់ក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការបណ្តុះបណ្តាលដោយផ្ទាល់។ វគ្គនេះត្រូវបានសម្រួចខ្លឹមសារមានភាពប្រាកដនិយម ដើម្បីឆ្លើយតបចំពោះតម្រូវការជាក់ស្តែងរបស់ស្ថាប័ន ដោយផ្តោតជាសំខាន់លើ ការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ ការផ្លាស់ប្តូរ និងការកសាងបរិយាកាសការងារដែលពោរពេញដោយស្មារតីសហប្រតិបត្តិការ និងប្រសិទ្ធភាពខ្ពស់។
នៅក្នុងឱកាសដ៏មានសារៈសំខាន់នេះ សម្តេចបាន ចែករំលែក ជូនសិក្ខាកាមទាំងអស់ នូវបទពិសោធការងារផ្ទាល់ខ្លួន ស្ថានភាពពិភពលោក ស្ថានភាពប្រទេសជាតិ ក៏ដូចជាតួនាទីនិងរចនាសម្ព័ន្ធ រដ្ឋសភា ពិសេសការដឹកនាំរបស់រដ្ឋសភា នីតិកាលទី៧ ក្រោមការដឹកនាំផ្ទាល់របស់សម្តេច បានដាក់ចេញនូវការពង្រឹងអភិបាលកិច្ច កំណែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មស្ថាប័ន។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែនជាថ្នាក់ដឹកនាំគំរូសកល។

សម្តេចតេជោ បានដាក់ចេញនូវអភិក្រមដ៏ថ្លៃថ្លា និងប្រកបដោយគតិបណ្ឌិតជាច្រើនក្នុងការតម្រង់ទិសឱ្យក្លាយជាមន្ត្រីគំរូ និងជាសសរទ្រូងដ៏រឹងមាំបំផុតរបស់រដ្ឋបាលសាធារណៈ។ ទស្សនៈដឹកនាំរបស់ សម្តេចតេជោ មិនត្រឹមតែជាទ្រឹស្តីនោះទេ ប៉ុន្តែជាពុទ្ធិទូន្មានប្រកប ដោយសច្ចភាព និងមានលក្ខណៈសកល ដែលអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពគ្រប់ ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង «មន្ត្រីត្រូវបម្រើរាស្រ្ត មិនមែនជាចៅហ្វាយរបស់រាស្រ្តនោះឡើយ»។ ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាមន្ត្រីសេវាសាធារណៈដ៏ឆ្នើម ដែលទទួលបានការគោរព និងការជឿទុកចិត្តពីប្រជាពលរដ្ឋ មន្រ្តីត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិជា មន្ត្រីល្អ ត្រូវតម្កល់ខ្លួនជាខ្ញុំបម្រើរាស្ត្រ កុំធ្វើជាមន្ត្រីជើង ១០ ត្រូវធ្វើជាមន្ត្រីជើង ២ ត្រូវលុបបំបាត់ «ជំងឺតួឯក» ជាដើម។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ប៉ិនប្រសប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា បានប្រែក្លាយឧបសគ្គធំៗ ដូចជា វិបត្តិសកលលោកដែលកំពុងស្មុគស្មាញ ឧបសគ្គពីការឈ្លានពានរបស់បូរណភាពទឹកដី ទៅជាឱកាសក្នុងការពង្រឹងកសាងភាពធន់នៃសេដ្ឋកិច្ចជាតិ និងខឿនការពារជាតិ។
ជាក់ស្តែង ក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ៥,៣% ហើយសម្រាប់ឆ្នាំ២០២៦ អត្រាកំណើននឹងមានក្នុងរង្វង់ ៤,២% ដោយសារឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលធ្វើឱ្យប្រេងឥន្ធនៈឡើងថ្លៃ។ ក្នុងរយៈពេលមធ្យម (២០២៧-២០២៩) សេដ្ឋកិច្ចជាតិនឹងងើបឡើងវិញជាសន្សឹមៗ ក្នុងអត្រាចន្លោះពី ៥% ទៅ ៥,៥% ដោយសារការរក្សាបាននូវកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម កសិកម្ម និងការងើបឡើងវិញនៃវិស័យទេសចរណ៍ ក្រោយពីរាជរដ្ឋាភិបាលទទួលបានជោគជ័យ ក្នុងការបោ សសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានជួយស្តាទំនុកចិត្តទេសចរ និងវិនិយោគឡើងវិញ។
នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនិងមានសារៈសំខាន់នោះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីការលើកកម្ពស់តម្លៃស្ត្រីនៅក្នុងសង្គមកម្ពុជា។ សមភាពយេនឌ័រនៅកម្ពុជា បានលើកកម្ពស់ដោយ សម្តេចតេជោ ហ៊ុន សែន និងបានកំពុងអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ការបង្កើនតួនាទីដឹកនាំរបស់ស្ត្រី អាចជួយឱ្យស្ថាប័នអាចមើលឃើញពីចំណុចខ្វះខាតនានាបានកាន់តែច្បាស់ និងគំនិតចម្រុះ ដែលជួយឱ្យឈានទៅរកការរៀបចំគោលន យោបាយប្រកបដោយមនុស្សធម៌ និងមាននិរន្តរភាព។

ឯកឧត្តម យក់ ប៊ុនណា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកនិងមានតម្លៃជួបសំណេះសំណាលនិងផ្តល់អនុសាសន៍ដ៏ថ្លៃថ្លានៅក្នុងឱកាសនេះ។ សិក្ខាកាមទាំងអស់ពិតមានក្តីសប្បាយ រីករាយ ដែលទទួលបាន នូវអនុសាសន៍និងបទពិសោធផ្ទាល់ខ្លួនដែលសម្តេចប្រធានរដ្ឋសភា បានបម្រើប្រទេសជាតិនៅក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ។ បទពិសោធនិងអនុសាសន៍ទាំងអស់នេះនឹងបង្កើតនូវពុទ្ធិ សម្រាប់យកទៅប្រើ ប្រាស់ជាប្រយោជន៍ក្នុងការបំពេញ ការងាររបស់សិក្ខាកាម ឱ្យមានប្រសិទ្ធ ភាពខ្ពស់បន្ថែមទៀត៕
ដោយ៖ ប៊ុនរិទ្ធ





