អភិបាលស្រុកស្ទោង អំពាវនាវដល់យុវជននិងប្រជាពលរដ្ឋ រួមគ្នាដាំឈើ ដើម្បីបង្កើនគម្របបៃតងនិងលើកកម្ពស់សោភ័ណភាពបរិស្ថាន
AKP កំពង់ធំ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--លោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានអំពាវនាវដល់យុវជននិងប្រជាពលរដ្ឋ រួមគ្នាដាំឈើដើម្បីបង្កើនគម្របបៃតងនិងលើកកម្ពស់សោភ័ណភាពបរិស្ថាន។លោកអភិបាលស្រុកបានអំពាវនាវដូចនេះក្នុងពិធីយុទ្ធនាការដាំកូនឈើនៅលើផ្លូវចូលទៅវិទ្យាល័យរស្មីសោភ័ណ ស្ថិតនៅក្នុងភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ខែកក្តដា ឆ្នាំ២០២៦។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការដាំដើមឈើនេះក្នុងគោលបំណងបណ្តុះគំនិតស្រឡាញ់ធម្មជាតិនិងការថែរក្សាការពារបរិស្ថានរស់នៅ ការប្តេជ្ញាចិត្តលើការងារបរិស្ថាន និងការអភិវឌ្ឍបៃតងព្រោះដើមឈើ គឺជាប្រភពជីវិតនិងជាខែលការពារធម្មជាតិដ៏មានតម្លៃមិនអាចខ្វះបាន។ការដាំដើមឈើប្រណិតៗដូចជា គ្រញូង ធ្នង់ បេង និងនាងនួន ជាដើម មិនត្រឹមតែជួយដល់កិច្ចការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបន្សល់ទុកនូវកេរមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។«ការដាំកូនឈើមួយដើម គឺស្មើនឹងការបង្កើតសួតធម្មជាតិមួយសម្រាប់សហគមន៍របស់យើង ហេតុនេះបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនទាំងអស់ ចូលរួមដាំដើមឈើនៅតាមគេហដ្ឋាន តាមសាលារៀន និងទីសាធារណៈឱ្យបានគ្រប់ៗគ្នា ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ការរួមគ្នាថែរក្សា ការពារកូនឈើទាំងនោះឱ្យលូតលាស់ធំធាត់ល្អ»។

ទន្ទឹមនឹងនេះលោកនាយក លោកគ្រូអ្នកគ្រូ និងយុវជន សិស្សានុសិស្សបានបង្ហាញនូវទឹកចិត្តរំភើបសប្បាយរីករាយ ដោយស្នាមញញឹមនិងសកម្មភាពយ៉ាងសកម្មក្នុងការចូលរួមដាំកូនឈើជាមួយថ្នាក់ដឹកនាំ។បងប្អូនបានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក សាយ គឹមឡមអភិបាលស្រុកស្ទោងដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់លើបញ្ហាបរិស្ថាន តែងតែបំផុសគំនិតនិងដឹកនាំសកម្មភាពសម្អាតអនាម័យ និងដាំកូនឈើជាប្រចាំ។ការយកចិត្តទុកដាក់លើការថែទាំឈើប្រណិត ជំរុញឱ្យមានការអភិរក្ស និងដាំដុះឡើងវិញនូវប្រភេទឈើកម្រៗ ដែលកំពុងប្រឈមនឹងការបាត់បង់ និងបានជួយសម្របសម្រួល ផ្តល់ការគាំទ្រទាំងសម្ភារៈ និងស្មារតី ព្រមទាំងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដើម្បីឱ្យសាលារៀនមានបរិស្ថានសិក្សាល្អ មិត្តភាព និងបៃតង ។

សូមបញ្ជាក់ថា ការដាំដើមឈើប្រណីតនៅក្នុងឱកាសនេះជាប្រភេទឈើធ្នង់ដែលមានចំនួន៩០ដើមដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងទាំងបីលោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់៕


ដោយ ស៊ុម វណ្ណា





