ឯកឧត្តម គន់ គីម បញ្ចុះបឋមសិលាសង់អគារទីស្នាក់ការ សមាគមអតីតយុទ្ធជន នៅខេត្តកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅភូមិតាំងទន្លេ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីពិធីបញ្ចុះបឋមសិលា ឯកឧត្តម គន់ គីម បានអញ្ជើញសំណេះសំណាល និងចែកអំណោយជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រមាណចំនួន ១០០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ២កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ និងថវិកា ៥ម៉ឺនរៀល។ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ស្ពឺ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តម នូ ស៊ីថា។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី គណៈប្រតិភូ គណៈកម្មាធិការកណ្តាល អ.ន.ក. ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ លោកប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ៕

ដោយ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





