កម្ពុជា-សិង្ហបុរី សន្យាជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែ កក្តដា ឆ្នាំ២០២៦--កម្ពុជានិងសិង្ហបុរីបានសន្យាជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សមាជិក រដ្ឋសភា និងជាប្រេសិតពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកឧត្តម ស្ទីវិន ប៉ាង Steven PANG ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឱ្យកាន់តែស្អិតល្មួត និងមានភាពល្អប្រសើរថែមមួយកម្រិតទៀត។

តាមរយៈការពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។

ទំនាក់ទំនងកម្ពុជា-សិង្ហបុរី គឺជាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ទាំងក្នុងកម្រិតទ្វេភាគី និងតំបន់ (អាស៊ាន)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏លេចធ្លោរវាងប្រទេសទាំងពីរ រួមមាន៖វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ការវិនិយោគលើ វិស័យកសិកម្ម ការកែច្នៃអាហារនិង បណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ៕


ដោយ៖ ប៊ុនរិទ្ធ





