ឯកឧត្តម តន់ វ៉ាន់ថារ៉ា អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យជាក់ស្តែងនូវទីតាំងប្រព័ន្ធធារាសាស្ដ្រសំខាន់ៗមួយចំនួន ស្ថិតក្នុងភូមិសាស្ដ្រខេត្តព្រៃវែង។

ដំណើរបេសកកម្មនេះ ឯកឧត្ដម និងក្រុមការងារ បានចុះពិនិត្យជាក់ស្តែងនូវទីតាំងសំខាន់ៗ រួមមាន៖
ទី១. ស្ថានីយបូមទឹកទី១ នៃប្រព័ន្ធស្រោចស្រពវ៉ៃគោជំហានទី១
ទី២. ប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក នៃស្ថានីយបូមទឹកទាំង ៦ទីតាំង
ទី៣. ស្ថានភាពទឹកនៅក្នុងអាងទឹកទំនប់ប្រមូលដុំ និងទី៤. អាងទឹកបឹងកំពិត។

ឯកឧត្តមមានប្រសាសន៍ថា៖ គិតមកដល់បច្ចុប្បន្ននេះ ការងារបង្កបង្កើនផលស្រូវវស្សាក្នុងឆ្នាំ២០២៦ ក្នុងខេត្តព្រៃវែង អនុវត្តបាន ៦៩,០១% ហើយ គឺស្មើនឹង ២០៧ ០២៨ ហិកតា នៃផែនការសរុប ៣០០ ០០០ ហិកតា។
ឯកឧត្តមក៏បានណែនាំមន្ទីរឱ្យចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងពីបាតុភូត El Niño ដែលបង្កឱ្យមានកូនរដូវប្រាំងអូសបន្លាយ និងការកើនឡើងកម្ដៅ តាមការព្យាករបស់ក្រសួង WMO និង NOAA។ ទន្ទឹមនឹងនេះ មន្ទីរត្រូវណែនាំសហគមន៍កសិករប្រើប្រាស់ទឹក ឱ្យផ្អាកការធ្វើស្រែលើសផែនការ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រមទាំងចាត់វិធានការរក្សាទឹកទុកក្នុងអាង និងត្រៀមចុះអន្តរាគមន៍បូមសង្គ្រោះស្រូវក្នុងករណីខ្វះខាតទឹក៕
ដោយ ពេជ្រ សំអឿន(ប្រភព÷ក្រសួងធនធានទឹក និងឧតុនិយម)





