កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បើកសិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន ស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន»
AKP ភ្នំពេញ ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៦ -- កាកបាទក្រហមកម្ពុជា បានសហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) រៀបចំសិក្ខាសាលាអន្តរក្រសួង/ស្ថាប័ន រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន»។
សិក្ខាសាលានេះ ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងលោកស្រី ដូរហ្សា ណាហ្សេមី សាល់មេន (Dorsa Nazemi-Salman) ប្រធានបេសកកម្ម ICRC ប្រចាំនៅកម្ពុជា ដោយមានការសម្របសម្រួលពីប្រតិភូ ICRC និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន១៩ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនៃទីស្នាក់ការកណ្តាលប្រមាណ ៨០នាក់។

លោកជំទាវអគ្គលេខាធិការ បានគូសបញ្ជាក់យ៉ាងច្បាស់ពីគោលបំណងសំខាន់ៗចំនួន៣ នៃកម្មវិធីនេះ ដែលរួមមាន៖ ទី១. ពង្រឹង និងធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីវិធានស្នូលនៃច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។ ទី២. ស្វែងយល់ឱ្យកាន់តែច្បាស់ពីតួនាទីរបស់ ICRC និងកាកបាទក្រហមកម្ពុជាក្នុងបរិការណ៍ជម្លោះប្រដាប់អាវុធ និងការអនុវត្តច្បាប់មនុស្សធម៌អន្តរជាតិ និង ទី៣. កំណត់សកម្មភាពសក្តានុពលដើម្បីរួមចំណែកកសាង «វប្បធម៌នៃការគោរពច្បាប់ IHL» ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។


លោកជំទាវអគ្គលេខាធិការ ក៏បានផ្តល់នូវសារគន្លឹះ និងខ្លឹមសារសំខាន់ៗមួយចំនួនជូនដល់អង្គសិក្ខាសាលាផងដែរ គឺអង្គសិក្ខាសាលាទាំងមូលត្រូវបន្តយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់រាល់បទបង្ហាញពីអ្នកជំនាញ។ ប្រសិនបើមានចម្ងល់ ឬចំណុចណាមួយមិនច្បាស់លាស់ សូមលើកឡើង និងពិភាក្សាជាមួយវាគ្មិនឱ្យបានផុសផុល។

លោកជំទាវអគ្គលេខាធិការមានជំនឿយ៉ាងមុតមាំថា អង្គសិក្ខាសាលាដែលមានរយៈពេលពីរថ្ងៃនេះនឹងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យប្រកបដោយផ្លែផ្កា ស្របតាមគោលបំណង និងផែនការដែលបានគ្រោងទុក៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





