អតីតពលករ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញ បើកឱកាសការងារ បង្កើនប្រាក់ចំណូល និងការទទួលស្គាល់ជាអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦--អតីតពលករខ្មែរវិលត្រឡប់មកពីថៃ លោក គីម ថេង បានលើកឡើងថា ការធ្វើតេស្តវាយតម្លៃ ទទួលស្គាល់ជំនាញពីមុន (RPL) មិនត្រឹមតែជួយឱ្យលោកងាយស្រួលស្វែងរកការងារធ្វើក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន និងទទួលបានការទទួលស្គាល់ជំនាញក្នុងកម្រិតតំបន់ផងដែរ ខណៈដែលលោកជឿជាក់ថា សញ្ញាបត្របញ្ជាក់ជំនាញ គឺជាកត្តាសំខាន់មួយជួយបង្កើនឱកាសការងារ និងការរីកចម្រើនក្នុងអាជីព។

លោកថ្លែងថា «ឱកាសកាងារក៏សំខាន់ ប្រាក់ចំណូលក៏សំខាន់។ នៅពេលដែលយើងមានសញ្ញាបត្រទៅបញ្ជាក់នៅក្នុងការស្វែងរកការងារនៅក្រុមហ៊ុនណាមួយ គឺមានអទិភាពខ្ពស់សម្រាប់គេទទួលយកយើង។ ហើយស្រុកខ្មែរយើងក៏មានការងារច្រើនដែរ»។
លោកក៏បានអំពាវនាវសូមឱ្យបងប្អូនពលករមកពីថៃដែលមិនទាន់បានមកបញ្ជាក់ជំនាញ ឱ្យមកធ្វើតេស្ត RPL ដើម្បីស្រួលរកការងារធ្វើនៅថ្ងៃក្រោយ។ លោកបញ្ជាក់ថាការធ្វើតេស្តជំនាញនេះផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អតីតពលកររួមមាន៖ ទី១ គឺការងាយស្រួលរកការងារក្នុងស្រុក ទី២ គឺការទទួលបានប្រាក់កម្រៃខ្ពស់ជាងមុន និងទី៣ គឺការទទួលស្គាល់ពីបណ្ដាប្រទេសជុំវិញអាស៊ីទាំងមូលផងដែរ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីថៃ និងមិនទាន់មានការងារធ្វើព្រោះតែគ្មានសញ្ញាបត្របញ្ជាក់ជំនាញ សូមមកធ្វើតេស្ត RPL ដើម្បីទទួលបានការទទួលស្គាល់ជំនាញពីក្រសួងការងារ ផ្ទាល់ដោយឥតគិតថ្លៃ និងបើកផ្លូវសម្រាប់ឱ្យខ្លួនឯងចាប់យកការងារ ដែលមានប្រាក់ចំណូលច្រើនជាងមុន ទទួលបានអត្ថប្រយោជន៍សង្គមល្អជាងមុន និងមានសុវត្តិភាពខ្ពស់ជាងមុន៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





