ថ្នាក់ដឹកនាំ និងមន្ត្រីនៃខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលការបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)»
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ថ្នាក់ដឹកនាំ និងមន្ត្រីនៃខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានការបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ពីអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ ដែលវគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង សមត្ថភាពក្នុងការយល់ដឹង និងអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដ៏មានសារៈសំខាន់ក្នុងការងាររដ្ឋបាល ការគ្រប់គ្រងទិន្នន័យ ការវិភាគព័ត៌មាន និងការកែលម្អប្រសិទ្ធភាពការងារប្រចាំថ្ងៃ។

លើសពីនេះ វគ្គបណ្តុះបណ្តាលនេះក៏នឹងផ្តល់ចំណេះដឹងមូលដ្ឋានអំពី AI បន្ថែម និងការប្រើប្រាស់ជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពមន្ត្រីក្នុងការប្រើប្រាស់ឧបករណ៍ AI សម្រាប់ការងាររដ្ឋបាល និងការងារជំនាញ ជំរុញការច្នៃប្រឌិត និងការងារឆ្លាតវៃក្នុងអង្គភាព លើកកម្ពស់គុណភាព ល្បឿន និងប្រសិទ្ធភាពការងារបណ្តុះស្មារតីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងទំនួលខុសត្រូវ។

ក្នុងឱកាសនេះ សិក្ខាកាមបានសម្តែងនូវការពេញចិត្តទៅលើការរៀនសូត្រនូវចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ ដើម្បីបង្កើនសមត្ថភាពក្នុងការប្រើប្រាស់សម្រាប់ការបំពេញការងារប្រចាំថ្ងៃ។

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





