ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ នៅស្រុកពញាឮ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា
AKP កណ្តាល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--លោកស្រី ស្រ៊ុន ស្រីនាង ហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅជួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ស្ថិតនៅ ភូមិតាពៅ ឃុំកោះចិន និងអគ្គិភ័យឆេះផ្ទះសម្បែង ស្ថិតនៅភូមិព្រែកតាព្រហ្ម ឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា។

មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ស្រ៊ុន ស្រីនាង ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។ លោកស្រី បានបញ្ជាក់ថា ទោះបីអំណោយដែលបានឧបត្ថម្ភជូនជនរងគ្រោះនាឱកាសនេះ មានលក្ខណៈតិចតួច និងពុំអាចឆ្លើយតបទៅនឹងទំហំនៃការរងគ្រោះក៏ពិតមែន ប៉ុន្តែការងារបានបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសាខាក្នុងការចូលរួមចំណែកជួយដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ និងពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ គឺស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមអន្តរជាតិ។

សម្ភារៈអំណោយដែលសាខាបានផ្តល់ជូនក្នុងគ្រួសារនីមួយៗបានទទួលមាន អង្ករ ៥០ គីឡូក្រាម មី ១កេស កៅស៊ូតង់ ១ផ្ទាំង ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យួរ ទឹកសុទ្ធ ១កេស ត្រីខ ១យួរ ឃីតសម្ភារៈប្រើប្រាស់ ១កញ្ចប់ និងសម្ភារៈផ្ទះបាយ ១ឈុត ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





