ឯកឧត្ដម គួច ចំរើន ចុះសួរសុខទុក្ខគ្រួសារវីរកងទ័ពកំពុងសម្រាកសម្រាលកូននៅស្រុកខ្សាច់កណ្ដាល
AKP កណ្តាល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក គ្រួសារវីរកងទ័ពឈ្មោះ យ៉េង កុកម៉េង ព្រិន្ទបាលឯក កំពុងសម្រាកសម្រាលកូននៅមន្ទីរពេទ្យបុត្រឧត្តម ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំងបាននាំយក និងថវិកាមួយចំនួនប្រគល់ជូនផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះដែ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនជាសាច់ញាតិរបស់វីរកងទ័ព។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ប្រមុខថ្នាក់ដឹកនាំយើង គឺតែងតែនៅកៀកកិត និងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន ពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជា សុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់នៅកណ្ដោចកណ្ដែង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





