សិស្សានុសិស្សប្រមាណជិត៧.០០០នាក់ក្នុងខេត្តជាប់បន្ទាត់ព្រំដែនទទួលបានការពង្រឹងចំណេះដឹង តាមរយៈគម្រោងលើកកម្ពស់អក្ខរកម្មព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ក្នុងស្មារតីរួមគ្នាលើកកម្ពស់អក្ខរកម្មព័ត៌មានក្នុងវិស័យអប់រំ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន ADITI និងការគាំទ្រផ្នែកហិរញ្ញប្បទានពីក្រុមហ៊ុន Smart Axiata ក្រោមមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអនុវត្តគម្រោងស្ដីពីការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មានក្នុងបរិវត្តកម្មការអប់រំឌីជីថលជូនដល់គ្រូបង្រៀនសរុបចំនួន១០០នាក់ ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ឧត្ដរមានជ័យ ស្ទឹងត្រែង និងមណ្ឌលគិរី។

វគ្គបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅជាពីរដំណាក់កាល ដោយវគ្គបណ្ដុះបណ្ដាលផ្ទាល់ផ្តោតទៅលើវិធីសាស្ត្រក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព ខណៈវគ្គអនឡាញផ្តោតលើខ្លឹមសារ និងបច្ចេកទេសដែលសិក្ខាកាមនឹងត្រូវសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាពក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈការអនុវត្តគម្រោងនេះសិក្ខាកាមត្រូវបានបណ្ដុះបណ្ដាលក្លាយជាគ្រូបង្គោល ដោយចែករំលែកបន្តដល់សិស្សានុ សិស្សនៅតាមសាលាគោលដៅរៀងខ្លួន ក្នុងនោះសិស្សានុសិស្សសរុបជិត៧.០០០នាក់បានក្លាយជាអ្នកទទួលផលដោយទទួលបានចំណេះដឹងស្ដីពីអក្ខរកម្មព័ត៌មាន។

គួរបញ្ជាក់ថា បំណិនអក្ខរកម្មព័ត៌មាននឹងជួយពង្រឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រកបដោយសុវត្ថិភាព ឆ្លាតវៃ និងទទួលខុសត្រូវ ចេះវាយតម្លៃលើប្រភពព័ត៌មាន ការពារសុវត្ថិភាព ឯកជនភាព និងការពារពីហានិភ័យនៅលើអនឡាញ។ តាមរយៈការអនុវត្តផ្ទាល់ទាំងអស់នេះ សិស្សានុសិស្សមិនត្រឹមតែទទួលបានទ្រឹស្តី ឬការរៀនប្រើប្រាស់ព័ត៌មាននៅលើអ៊ីនធឺណិតធម្មតានោះទេ ប៉ុន្តែពួកគេកំពុងត្រូវបានសិក្សានូវជំនាញអភិវឌ្ឍបំណិនត្រិះរិះពិចារណាបែបស៊ីជម្រៅ ពិសេសខណៈដែលបណ្ដាញសង្គមពោរពេញដោយព័ត៌មានឥតសណ្ដាប់ធ្នាប់ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់យុវជន។

បើតាមនាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា ការបញ្ជ្រាបចំណេះដឹងផ្នែក «អក្ខរកម្មព័ត៌មាន» នៅតាមសាលារៀនគឺជាការចាក់គ្រឹះដ៏រឹងមាំមួយសម្រាប់រៀបចំសិស្សានុសិស្សកម្ពុជាឱ្យមានភាពស៊ាំក្នុងការទប់ទល់នឹងហានិភ័យសាយប័រ និងការវាយលុកពីព័ត៌មានមិនពិត ហើយចំណេះដឹងមូលដ្ឋានទាំងនេះនឹងក្លាយជាខែលការពារ និងជាត្រីវិស័យនាំផ្លូវយុវជនឱ្យដើរទាន់ការវិវឌ្ឍនៃយុគសម័យឌីជីថល ដើម្បីសម្រេចគោលដៅក្នុងការកសាងពលរដ្ឋឌីជីថលដ៏ពេញលេញសម្រាប់កម្ពុជា ដែលឆ្លើយតបទៅនឹងតម្រូវការបំណិនសតវត្សរ៍ទី២១៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





