ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររងគ្រោះលង់ទឹកស្លាប់ នៅឃុំកោះខែល ស្រុកស្អាង
AKP កណ្ដាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦-- លោក ហាក់ សុខមករា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំប្រតិភូសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្អាង ចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារា លាង សុខគន និងកុមារា លាង សុខគឿន ដែលត្រូវជាកូនភ្លោះនិងគ្នា បានទទួលមរណភាពភាពដោយសារឧបទ្ទវហេតុ លង់ទឹកស្លាប់ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសាររងគ្រោះ ស្ថិតក្នុងភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ហាក់ សុខមករា ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក និងចូលរួមសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព។ អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំមកឧបត្ថម្ភជូននាឱកាសនេះ គឺពុំបានប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះលោក ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំក្រៃលែងជាមួយក្រុមគ្រួសារជនរងគ្រោះ និងសូមបួងសួងដល់គុណព្រះរតនត្រៃទាំងបី ជួយឱ្យដួងវិញ្ញាណក្ខន្ធនៃជនរងគ្រោះបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ដើម្បីជួយសម្រាលទុក្ខលំបាកចំពោះមុខ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់គ្រួសាររងគ្រោះ រួមមាន អង្ករ៥០គីឡូក្រាម មី២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ៥កេស ត្រីខ២យួរ និងថវិកាចំនួន៥០ម៉ឺនរៀល។ ថ្វីត្បិតតែអំណោយ និងថវិកាទាំងនេះ មិនអាចប៉ះប៉ូវនូវការបាត់បង់ជីវិតមនុស្សបាន ប៉ុន្តែវាជាទឹកចិត្ត និងជាស្មារតីចែករំលែកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់រងគ្រោះដោយឯកោឡើយ។

ទន្ទឹមនឹងនេះ ស្ថិតក្នុងបរិបទដែលជារដូវវស្សា និងជារដូវទឹកទន្លេកំពុងហក់ឡើងខ្លាំង ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអំពាវនាវ និងក្រើនរំលឹកយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសឪពុកម្តាយ និងអាណាព្យាបាលត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗសូមកុំបណ្តោយឲ្យកុមារតូចៗលេងទឹក ឬដើរជិតមាត់ទឹកដោយគ្មានការតាមដានពីមនុស្សធំឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។ក្នុងនោះអ្នកធ្វើដំណើរ ឬនេសាទតាមទូក កាណូត ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសមធ្យោបាយធ្វើដំណើរ មិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសទម្ងន់ និងត្រូវពាក់អាវពោងសុវត្ថិភាពជានិច្ច៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តខេត្តកណ្តាល)




