ខេត្តជាំងស៊ី ដែនដីនៃសត្វត្រី អង្ករ ធនធានមនុស្សដ៏ឆ្នើមរបស់ប្រទេសចិន និងជាចំណុចចាប់ផ្តើមនៃក្បួនប្រយុទ្ធតស៊ូរបស់កងទ័ពក្រហមចិន
AKP ជាំងស៊ី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ -- ខេត្តជាំងស៊ី មានទីតាំងស្ថិតនៅភាគខាងត្បូងនៃចំណុចកណ្តាល និងខាងក្រោមនៃទន្លេយ៉ាងសេហើយហ៊ុំព័ទ្ធដោយជួរភ្នំនៅខាងកើត ខាងត្បូង និងខាងលិច។ តាំងពីបុរាណកាលមក ខេត្តជាំងស៊ីត្រូវបានគេស្គាល់ថាជាដែនដីនៃសត្វត្រី អង្ករនិងសម្បូរដោយធនធានមនុស្សដ៏ឆ្នើមរបស់ប្រទេសចិន ព្រមទាំងត្រូវបានចាត់ទុកថាជាសារមន្ទីរវប្បធម៌ក្រហមដែលគ្មានជញ្ជាំង និងជាចំណុចចាប់ផ្តើម និងក៏ជាកន្លែងកំណើតដ៏សំខាន់នៃក្បួនប្រយុទ្ធតស៊ូដ៏វែងឆ្ងាយរបស់កងទ័ពក្រហមកណ្តាលចិន។
ខេត្តជាំងស៊ីមានផ្ទៃដីសរុប ១៦៦.៩០០គីឡូម៉ែត្រក្រឡា និងមានប្រជាជនចំនួន ៤៦លាននាក់។ ក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ខេត្តនេះមានទីក្រុងកម្រិតខេត្តចំនួន១១ ដែលរួមមានស្រុកចំនួន១០០។ វាជាកន្លែងមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារមានធនធានសម្បូរបែប និងសម្បូរដោយធនធានមនុស្សដ៍ឆ្នើម។ ខេត្តជាំងស៊ីមានគុណសម្បត្តិភូមិសាស្ត្រពិសេសមួយ គឺនៅជាប់នឹងដីសណ្តទន្លេយ៉ាងសេ តំបន់ដីសណ្តទន្លេគុជ និងតំបន់សេដ្ឋកិច្ចឆ្នេរសមុទ្រខាងលិចនៃច្រកសមុទ្រតៃវ៉ាន់ ដែលភ្ជាប់ភាគខាងកើតជាមួយភាគខាងលិច និងភ្ជាប់ភាគខាងជើងជាមួយភាគខាងត្បូង។ បណ្តាញដឹកជញ្ជូនពហុវិមាត្រដែលមានការតភ្ជាប់ល្អនេះបានបង្កើតជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍដែលមានគុណភាពខ្ពស់របស់ខេត្តជាំងស៊ី។ ខេត្តជាំងស៊ីមានធនធានរ៉ែដ៏សម្បូរបែប។ ទុនបម្រុងទង់ដែងរបស់ខេត្តជាំងស៊ី ត្រូវបានជាប់ចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសចិន។
ខេត្តជាំងស៊ីមានប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ និងវប្បធម៌ដ៏អស្ចារ្យរបស់ប្រទេសចិន។ ខេត្តទាំងមូលមានមោទនភាពដែលមានទីក្រុងប្រវត្តិសាស្ត្រនិងវប្បធម៌ល្បីៗកម្រិតជាតិចំនួនបី គឺទីក្រុងណានឆាង ទីក្រុងជីងតេចិន និងទីក្រុងកានចូវ។ ខេត្តជាំងស៊ី គឺជាតំបន់សំខាន់មួយដែលលទ្ធិខុងជឺ ព្រះពុទ្ធសាសនា និងតាវចិនបានរីកសាយភាយ។ ស្រុកវ៉ានៀន គឺជាកន្លែងដើមនៃការដាំដុះស្រូវនៅលើពិភពលោក។ ទីក្រុងជីងតេចិន ដែលជារាជធានីប៉សឺឡែននៃពិភពលោក បានទទួលមរតកវប្បធម៌សេរ៉ាមិចដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។
ខេត្តជាំងស៊ី មានបរិស្ថានអេកូឡូស៊ីល្អ ដោយមានព្រៃឈើគ្របដណ្តប់លើផ្ទៃដី ១៤៣លានមូ ដែលស្មើនឹង ៦៣ ,១% នៃខេត្តទាំងមូល ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមខេត្តកំពូលៗនៅក្នុងប្រទេសចិន។ ខេត្តនេះមានមោទនភាពចំពោះតំបន់ទេសភាពកម្រិតជាតិចំនួន១៨ តំបន់អភិរក្សធម្មជាតិកម្រិតជាតិចំនួន១៥ និងឧទ្យានព្រៃឈើកម្រិតជាតិចំនួន៤៧។ បឹងប៉ូយ៉ាងក្នុងខេត្តជាំងស៊ី គឺជាបឹងទឹកសាបធំជាងគេនៅក្នុងប្រទេសចិន និងជាតំបន់ដីសើមដ៏សំខាន់មួយដែលមានសារៈសំខាន់ជាអន្តរជាតិ។
ខេត្តជាំងស៊ីបានអភិវឌ្ឍយ៉ាងឆាប់រហ័ស និងពោរពេញដោយភាពរស់រវើក។ នៅក្នុងឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្តនេះបានឈានដល់ ៣.៦០២,០ពាន់លានយន់ កើនឡើង ៥,២% ដែលជាអត្រាកំណើនលឿនបំផុតក្នុងរយៈពេលជិតបួនឆ្នាំ។ តម្លៃសរុបនៃការនាំចូលនិងនាំចេញទំនិញមានចំនួន ៤៨២,៣ពាន់លានយន់ កើនឡើង ២,៧% ធៀបនឹងឆ្នាំមុនមួយ។ ប្រាក់ចំណូលដែលអាចចាយបានក្នុងមនុស្សម្នាក់ៗរបស់ប្រជាជនក្នុងខេត្តនេះ មានចំនួន ៣៧.៨៤៦យន់ កើនឡើង ៥,១% ពីមួយឆ្នាំទៅមួយឆ្នាំ។ តម្លៃបន្ថែមនៃការផលិតបច្ចេកវិទ្យាខ្ពស់បានកើនឡើង ១១,៨% ហើយសន្ទស្សន៍គុណភាព និងប្រសិទ្ធភាពដ៏ទូលំទូលាយសម្រាប់ការអភិវឌ្ឍផលិតកម្មបានជាប់ក្នុងចំណាត់ថ្នាក់កំពូលទាំងដប់នៅក្នុងប្រទេសចិន។ ការអភិវឌ្ឍដែលមានគុណភាពខ្ពស់កំពុងចាក់បញ្ចូលសន្ទុះខ្លាំងទៅក្នុងទឹកដីខេត្តជាំងស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី





