ឯកឧត្តម ឈន សារ៉ាណេ អញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា១ នៅស្រុកបូរីជលសារខេត្តតាកែវ
AKP តាកែវ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ --ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ នៅតំបន់ជនបទដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន ឯកឧត្តម ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារសិក្សា01ខ្នង មាន05 បន្ទប់ ស្ថិតនៅអនុវិទ្យាល័យក្ដុលជ្រំស្រុកអង្គរបូរី។អញ្ជើញចូលរួមក្នុងពិធីនោះដែរដោយ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់ដឹកនាំ មន្រ្តីរាជកា កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកបូរីជលសារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។ពិធីនោះរៀបចំឡើងនៅភូមិក្ដុលជ្រំឃុំកំពង់ក្រសាំងស្រុកបូរីជលសារខេត្តតាកែវ កាលពីថ្ងៃទី ១០ខែកក្កដាឆ្នាំ២០២៦។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ឈន សារ៉ាណេ និងឯកឧត្តម វ៉ី សំណាង បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាអាទិភាពចម្បងបំផុត។រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការពង្រីក វិសាលភាពសាលារៀនទាំងចំនួន និងកម្រិតសិក្សាឱ្យបានទូទាំងប្រទេស។ជាពិសេសនៅតាមបណ្ដាញតំបន់ដាច់ស្រយាល និងតាមបណ្ដោយព្រំដែន ព្រមទាំងកំពុងដុតដៃដុតជើងក្នុងការពង្រឹងគុណភាពអប់រំឱ្យកាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានធ្វើការអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ ត្រូវរួមសហការគ្នាជម្រុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនចៅគ្រប់អាយុចូលរៀន ត្រូវបញ្ជូនពួកគេឱ្យមកសាលារៀនបានគ្រប់ៗគ្នា។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ការបញ្ជូនកូនទៅសាលារៀន គឺពិតជាការសន្សំទ្រព្យសម្បត្តិ និងមរតកដ៏មានតម្លៃបំផុត ទុកឱ្យកូនៗនាពេលអនាគត។ហើយការសិក្សារនេះមិនត្រឹមតែជួយឱ្យពួកគេទទួលបាននូវចំណេះដឹង និងជំនាញច្បាស់លាស់តាំងពីតូចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបណ្តុះបណ្តាលពួកគេឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិទាំងមូលផងដែរ ៕
ដោយ៖អ៊ុច សៀង





