អភិបាលខេត្តកោះកុងណែនាំដល់នាយករដ្ឋបាលថ្មីឱ្យខិតខំអនុវត្តតួនាទីភារកិច្ចក្នុងនាមជាជំនួយការឱ្យ អភិបាលខេត្ត គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦–ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តកោះកុងរបស់លោក អ៊ូច ទូច នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុងបានណែនាំដល់នាយករដ្ឋបាលថ្មីរូបនេះឱ្យខិតខំអនុវត្តតួនាទីភារកិច្ចក្នុងនាមជាជំនួយការឱ្យអភិបាលខេត្ត គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តឱ្យបានល្អប្រសើរ ដោយក្នុងតួនាទីជាជំនួយការត្រូវប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ ពន្លឿនការផ្តល់សេវាគ្រប់ប្រភេទការងារ ជាពិសេសគោរពឱ្យបាននូវគោលការណ៍ណែនាំនានាជាធរមានក៏ដូចជាការណែនាំរបស់ក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្ត ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងចំណោមមន្ត្រីក្រោមឱវាទទាំងនាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តក៏ដូចជាមន្ត្រីរាជការ មន្ត្រីកិច្ចសន្យាចំណុះសាលាខេត្តទាំងអស់ រក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈជាមន្ត្រីរាជការ ភាពថ្លៃថ្នូរក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍មន្ត្រីជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ត្រូវពិនិត្យ និងផ្តល់អន្តរាគមន៍ ពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ រួមជាមួយការលើកទឹកចិត្តជូនរង្វាន់ លើកសសើរចំពោះមន្ត្រីណាដែលបំពេញតួនាទីបានល្អ ប៉ុន្តែត្រូវម៉ឺងម៉ាត់ក្នុងការដាក់វិន័យចំពោះ
មន្ត្រីណាដែលមិនបានអនុវត្តតួនាទី ឬអនុវត្តខុសឆ្គងក្នុងតួនាទីរបស់ខ្លួន ដោយត្រូវអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”។


ស្របពេលជាមួយការអបអរសាទរពិធីចូលកាន់មុខតំណែងថ្មីរបស់នាយករដ្ឋបាលសាលាខេត្តនេះ លោកជំទាវ ឈី វ៉ា សង្ឃឹមយ៉ាងមុតមាំថា លោកនាយកពិតជានឹងនាំយកនូវបទពិសោធន៍ សមត្ថភាព និងជំនាញរបស់ខ្លួន ដើម្បីបំពេញតួនាទីជាសេនាធិការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជូនរដ្ឋបាលខេត្តកោះកុង ព្រមទាំងបានស្នើដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការពាក់ព័ន្ធទាំងអស់ធ្វើការសហការឱ្យបានល្អជាមួយនាយករដ្ឋបាលថ្មី ដើម្បីឱ្យគាត់អាចបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុសត្រូវ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តកោះកុង)





