រដ្ឋបាលខេត្តឧត្តរមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ ស្តីពីការរៀប ចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេក ទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៧
AKP ឧត្តរមានជ័យ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ --នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ នាថ្ងៃសុក្រទី១០ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាច រណែនាំ ស្តីពីការរៀបចំផែនការយុទ្ធសា ស្ត្រថវិការាជធានី ខេត្តឆ្នាំ២០ ២៧-២០ ២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៧ ដឹកនាំដោយលោក អ៊ុន សុភ័ក្រ អភិបាលរង នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត, ថ្នាក់ដឹកនាំនិងមន្ត្រីរាជការតំណាងឱ្យរដ្ឋបាលក្រុង-ស្រុកទាំង០៥ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទូទាំងខេត្ត។

លោក អ៊ុន សុភ័ក្រ បានថ្លែងថា ការពង្រឹងសមត្ថភាពផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការស្វែងយល់ពីនីតិវិធីបច្ចេកទេសទំនើបក្នុងការរៀបចំផែនការថវិកា ជាគន្លឹះដ៏សំខាន់ក្នុងការធានានូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធ ភាពខ្ពស់ ក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាតិ ដើមី្បយកទៅអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៨ សហវ.សណរ.អហក ស្ដីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៧ ជាការរៀបចំផែនការយុទ្ធសាស្ត្រថវិកា (២០២៧-២០២៩) វាជាការកំណត់ចក្ខុវិស័យ អាទិភាពការងារ និងរចនាសម្ព័ន្ធចំណាយរយៈពេលមធ្យម ដើមី្បធានាថាការប្រើប្រាស់ថវិកាឆ្លើយតបចំគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

លោកបានបន្ថែមថា នីតិវិធីបច្ចេកទេសគម្រោងថវិកាឆ្នាំ២០២៧ និងការណែនាំពង្រឹងការធ្វើទម្រង់បែបបទ របៀបនៃការធ្វើប៉ាន់ស្មានចំណូល ចំណាយ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុតាមស្តង់ដារថ្មី ឱ្យមានភាពត្រឹមត្រូវ សុក្រឹត និងទាន់ពេលវេលា។

លោកអភិបាលរងខេត្តមានប្រសាសន៍ណែនាំ ក្រើនរំលឹកដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារថវិកានេះ ដោយត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ ហ្មត់ចត់ និងត្រឹមត្រូវតាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើមី្បជាគ្រឹះក្នុងការជំរុញការងារអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានវឌ្ឍនភាព ៕
ដោយ៖ទិត ស្រ៊





