រដ្ឋមន្ត្រីក្រសួងអប់រំ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំក្នុងភាពជាដៃគូយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅដ៏រឹងមាំ ដោយបានគូសរំលេចនូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនលេចចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ ទស្សនកិច្ចសិក្សា ការផ្លាស់ប្ដូរនិស្សិត និងមន្ត្រីអប់រំ គ្រូបង្រៀន សិស្សានុសិស្ស ការបណ្ដុះបណ្ដាលគ្រូ និងកម្មវិធីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន និងគម្រោងអភិវឌ្ឍវិស័យអប់រំជាច្រើនទៀតនៅកម្ពុជាក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន។

ក្នុងជំនួបជម្រាបលា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ពីសំណាក់ឯកអគ្គរាជទូតជប៉ុនដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរជូនចំពោះឯកឧត្តមឯកអគ្គរាជទូត ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យ និងកោតសរសើរចំពោះការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំកម្ពុជា ក្នុងនោះសមិទ្ធផលលេចធ្លោរួមមាន គម្រោងបង្កើត និងដំឡើងកម្រិតវិទ្យាស្ថានគរុកោសល្យ ដោយផ្ដោតលើការបណ្ដុះបណ្ដាលគ្រូ គម្រោងលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងគណិតវិទ្យា គម្រោងមូលនិធិសមធម៌ និងការកសាងសាលារៀនជំនាន់ថ្មី និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្ស (គម្រោងអាហារូបករណ៍ JDS)។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការជាមួយមូលនិធិជប៉ុន ក្នុងការលើកកម្ពស់ការរៀន និងបង្រៀនភាសាជប៉ុននៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលគ្រូ និងវិធីសាស្ត្របង្កើតបរិយាកាសសិក្សាល្អប្រសើរសម្រាប់សិស្សកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាចំពោះការយកចិត្តទុកដាក់សម្របសម្រួល និងផ្ដល់កិច្ចប្រតិបត្តិសហការយ៉ាងល្អនូវរាល់គម្រោងពាក់ព័ន្ធវិស័យអប់រំ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងបានបង្ហាញមោទនភាពចំពោះភាពរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

ឯកឧត្តមឯកអគ្គរាជទូតបានលើកឡើងថា គន្លឹះអភិវឌ្ឍន៍ប្រទេសរបស់ជប៉ុនគឺមូលធនមនុស្ស ដូច្នេះហើយជប៉ុនបាន និងកំពុងចែករំលែកឧត្តមានុវត្តទាំងនេះជាមួយកម្ពុជា តាមរយៈការបន្តគាំទ្រកម្ពុជាលើវិស័យអភិវឌ្ឍធនធានមនុស្ស ដោយគូសបញ្ជាក់ជាថ្មីពីភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់រវាងកម្ពុជា និងជប៉ុន៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





