នាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកូរ៉េខាងជើងនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា លោកផាក ថែសុង (Pak Thae Song) នាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) នឹងដឹកនាំគណៈប្រតិភូបក្ស និងរដ្ឋាភិបាលទៅកាន់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា។
អ្នកនាំពាក្យរូបនេះបាននិយាយថា លោក ផាក ក៏នឹងចូលរួមព្រឹត្តិការណ៍រំលឹកខួបលើកទី៦៥ នៃសន្ធិសញ្ញាមិត្តភាព សហប្រតិបត្តិការ និងជំនួយទៅវិញទៅមករវាងប្រទេសចិន និងកូរ៉េខាងជើង ផងដែរ។
យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា លោក ផាក ដែលជាសមាជិកនៃគណៈប្រធានការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េ និងជាអនុប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងធ្វើដំណើរទស្សនកិច្ចនេះតាមការអញ្ជើញរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





