តស់! ទៅទស្សនាពិព័រណ៍ផ្លែឈើបាត់ដំបងទាំងអស់គ្នា មានរយៈពេល១០ថ្ងៃ ចាប់ពីល្ងាចនេះតទៅ
AKP បាត់ដំបង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ម្ចាស់ចំការ និងអាជីវករ មុនបើកកម្មវិធីព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ។ ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំម្ចាស់ចំការ និងអាជីវករ ត្រូវសម្រិតសម្រាំងនាំយកបន្លែ ផ្លែឈើ និងផលិតផលល្អៗរបស់អ្នកខេត្តបាត់ដំបងមកលក់ដូរក្នុងព្រឹត្តិការណ៍ផ្លែឈើ ជាពិសេសនាំយកទុរេនដែលមានគុណភាព រសជាតិផ្អែមឆ្ងាញ់មកចូលរួមក្នុងកម្មវិធីបុហ្វេទុរេន។

ឯកឧត្តម បានណែនាំដល់ម្ចាស់ចំការ និងអាជីវករដែលលក់ដូរក្នុងស្ដង់ត្រូវលក់ដូរក្នុងតម្លៃសមរម្យ មិនត្រូវឆ្លៀតឱកាសដំឡើងថ្លៃឡើយ ដើម្បីយកព្រឹត្តិការណ៍ផ្លែឈើនេះជាស្មារតីរួមគ្នាផ្សព្វផ្សាយពីផលិតផលក្នុងស្រុក។ ក្រុមការងារពាក់ព័ន្ធទាំងអស់ត្រូវទប់ស្កាត់ការយកទុរេនពីប្រភពដែលមិនច្បាស់លាស់មកលក់ដូរជិតទីតាំងកម្មវិធីព្រឹត្តិការណ៍ផ្លែឈើដែលអាចធ្វើឱ្យប៉ះពាល់ដល់គោលបំណងចម្បងនៃព្រឹត្តិការណ៍គឺលើកកម្ពស់ផលិតផលក្នុងស្រុក។ ក្រុមការងារត្រូវទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយដែលផ្សព្វផ្សាយបំពុលសង្គមប៉ះពាល់ដល់កិត្តិយសផលិតផលក្នុងខេត្តបាត់ដំបង។

សូមជម្រាបថា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦នេះនឹងមានសកម្មភាពសំខាន់ៗជាច្រើនរួមមាន ពិព័រណ៍ និងលក់ផ្លែឈើប្រចាំខេត្តបាត់ដំបង ក្បួនដង្ហែផ្លែឈើតំណាងក្រុង ស្រុកទាំង១៤ ក្នុងខេត្ត កម្មវិធីបុហ្វេទុរេន និងការភ្លក្សរសជាតិផ្លែឈើបាត់ដំបង ការតាំងបង្ហាញផលិតផលកសិកម្ម និងផលិតផលក្នុងស្រុក កម្មវិធីសិល្បៈវប្បធម៌ និងការប្រគុំតន្ត្រី ការប្រកួតប្រជែង និងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនទៀត។ព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងក្នុង និងខាងមុខអគារសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





