នាយិការរងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម
AKP កំពង់ធំ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--លោកស្រីឡេង សុឃីម នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានអំពាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម។ ការអំពាវនាវបែបនេះក្នុងឱកាសចុះបើកយុទ្ធនាការទប់ស្កាត់និងបង្ការជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូសនិងដាក់ថ្នាំអាប៊ែតតាមពាងទឹកនិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិធម្មនាថ និងភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំនាព្រឹកថ្ងៃសុក្រទី១០ខែកក្កដាឆ្នាំ២០២៦។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក្រោមការដឹកនាំដោយលោកស្រី ឡេង សុឃីម នាយិការងសាខា សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសន្ទុក មណ្ឌលសុខភាពតាំងក្រសាំង បានធ្វើការណែនាំនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈពេលដែលខេត្តកំពង់ធំមានករណីជំងឺគ្រុនឈាមកើតឡើងចំនួនជាង៧០ករណីទៅលើមនុស្សចាស់និងកុមារ។

លោកស្រីបានថ្លែងបន្តថា រដូវនេះជារដូវវស្សាដែលមានភ្លៀងធ្លាក់ ហើយទឹកភ្លៀងអាចនឹងដក់នៅជុំវិញផ្ទះ ឬដក់ទៅលើសំបកកង់ឡាន សំបកដូងដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវនាំគ្នាលុបថ្លុកដែលដក់ទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះនិងដាក់ថ្នាំអាប៊ែតក្នុងពាងទឹក ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមកុំឱ្យកើតមានលើសមាជិកគ្រួសារយើងនិងតាមសហគមន៍យើង។

លោកស្រី នាយិការងសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក៏បានណែនាំដល់មណ្ឌលសុខភាពត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មូសតាមភូមិ/ឃុំ និងត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងយល់ដឹងពីការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមហើយបើមានករណីគ្រុនឈាមកើតឡើងគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យត្រូវធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។

លោក គឹម នី បានថ្លែងឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនិងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែយកចិត្តទុកដាក់និងបានក្រើនរំលឹកដល់មន្ទីរសុខាភិបាល និងសហគមន៍ ឱ្យយកចិត្តទុកដាក់តាមដាន បង្ការ ទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលានៃការកើនឡើងនូវជំងឺគ្រុនឈាមនៅរដូវវស្សានេះ ដោយត្រូវធ្វើការគ្មានថ្ងៃសៅរ៍ អាទិត្យ នោះទេ។ ដើម្បីឆ្លើយតបទៅនឹងការណែនាំនេះហើយមន្ត្រីសុខាភិបាលបានធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ចុះធ្វើសកម្មភាពអប់រំ និងផ្សព្វផ្សាយពីអនាម័យបរិស្ថាន លុបថ្លុកដែលដក់ទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះ និងបាញ់ថ្នាំសម្លាប់មូស នៅតាមបណ្តាភូមិ/ឃុំ របស់បងប្អូនប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមតាមសហគមន៍។

លោក គឹម នី អនុប្រធានមណ្ឌលសុខភាពតាំងក្រសាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសឪពុកម្តាយដែលមានកូនតូចៗ ដែលមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាមដូចជាគ្រុនក្តៅខ្លាំងឈឺក្បាល ឬមានស្នាមកន្ទួល ត្រូវប្រញាប់បញ្ជូនពួកគេទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែករបស់រដ្ឋឱ្យបានឆាប់ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ចៀសវាងទុកយូរថ្ងៃដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
ដោយ៖ ស៊ុម វណ្ណា





