ឥណ្ឌូនេស៊ី និងឥណ្ឌា ព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ -- លោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) ប្រធានាធិបតីឥណ្ឌូនេស៊ី និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) កាលពីថ្ងៃអង្គារ បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការ ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចសហការកាន់តែជិតស្និទ្ធនៅក្នុងវិស័យសំខាន់ៗ រួមមាននយោបាយ ពាណិជ្ជកម្ម សន្តិសុខ ការអប់រំ សុខាភិបាល ថាមពល និងវប្បធម៌។
យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារទំនាក់ទំនងរដ្ឋាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងថា ការឯកភាពគ្នានេះត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចចរចាទ្វេភាគីនៅទីក្រុងហ្សាកាតា ខណៈដែលលោក ម៉ូឌី បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូនេស៊ី។
លោក ប្រាបូវ៉ូ បានមានប្រសាសន៍ថា «ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើងតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក»។
ប្រទេសទាំងពីរបានព្រមព្រៀងគ្នាពង្រីកការចូលរួមនយោបាយតាមរយៈការផ្លាស់ប្តូរកម្រិតកំពូលញឹកញាប់ជាងមុន យន្តការពិគ្រោះយោបល់ទ្វេភាគីកាន់តែរឹងមាំ និងទំនាក់ទំនងស្ថាប័នកាន់តែជិតស្និទ្ធ។ ពួកគេក៏បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មតាមរយៈកិច្ចសន្ទនាសន្តិសុខឥណ្ឌា-ឥណ្ឌូនេស៊ី។
ភាគីទាំងពីរក៏បានឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងប្រព័ន្ធមីស៊ីលBrahMos និងកិច្ចសហប្រតិបត្តិការមីស៊ីលអាកាសផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





