ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងស្តារព្រែក និងគម្រោងសាងសង់ទំនប់
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--នាយកដ្ឋានវិស្វកម្ម ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តការងារឱ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសយ៉ាងហ្មត់ចត់បំផុត ធ្វើយ៉ាងណាឱ្យសំណង់នីមួយៗធានាបាននូវ សុវត្ថិភាព គុណភាព និងសោភ័ណភាព ព្រមទាំងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ និងនិរន្តរភាពនៃការប្រើប្រាស់យូរអង្វែងរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហានទី១) ស្ថិតក្នុងស្រុកស្វាយជ្រំ និងគម្រោងសាងសង់ទំនប់សណ្តរវ៉ៃគោ (ជំហានទី២ តចប់) ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នាថ្ងៃពុធទី០៨ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្ដមនិងក្រុមការងារ បានចុះពិនិត្យផ្ទាល់លើវឌ្ឍនភាពជាក់ស្តែងនៃគម្រោងទាំងពីរ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
ទី១-គម្រោងស្តារព្រែកកំពង់ជ្រៃក្រោម (ជំហានទី១)៖ ស្ថិតក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ បច្ចុប្បន្នសម្រេចលទ្ធផលការងារបានប្រមាណ ៩៥%។ ទំហំការងារសរុបរួមមាន៖ ស្តារព្រែកជាប្រឡាយចំនួន ១ខ្សែ ប្រវែង ៥ ៥០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យថ្មីចំនួន ២៤កន្លែង (ក្នុងនោះរួមមាន៖ លូដោះទឹក ១២កន្លែង, លូចម្លង ១កន្លែង, លូយកទឹក ៩កន្លែង និងសំណង់ស្ទាក់ទឹកទ្វារ៣ ចំនួន ២កន្លែង)។
ក្រោយពេលបញ្ចប់ គម្រោងនេះនឹងប្រែក្លាយខ្នងព្រែកជាផ្លូវគមនាគមន៍មូលដ្ឋាន ព្រមទាំងទាញទឹកពីអាងកំពង់ជ្រៃមកស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ១ ២០០ហិកតា ស្រូវប្រាំង ១ ៥០០ហិកតា និងដំណាំរួមផ្សំ ១៥ហិកតា ព្រមទាំងផ្តល់ទឹកសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃដល់ប្រជាកសិករចំនួន ១ ៦៩៨គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំស្វាយជ្រំ ខេត្តស្វាយរៀង និងភូមិចំនួន៣ ទៀត ក្នុងឃុំកំពង់ត្របែក ខេត្តព្រៃវែង។
ទី២-គម្រោងសាងសង់ទំនប់សណ្តរវ៉ៃគោ (ជំហានទី២ តចប់)៖ ស្ថិតក្នុងសង្កាត់ចេក ក្រុងស្វាយរៀង បច្ចុប្បន្នសម្រេចលទ្ធផលការងារបានប្រមាណ ៨០%។ គម្រោងនេះមានទំហំការងារសាងសង់ទំនប់សណ្តរទន្លេវ៉ៃគោចំនួន ១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ។
ក្រោយពេលបញ្ចប់ គម្រោងនេះនឹងប្រែក្លាយខ្នងទំនប់ទៅជាផ្លូវគមនាគមន៍មូលដ្ឋាន ជួយការពារ និងរំដោះទឹកជំនន់មិនឱ្យលិចលង់ក្រុង និងភូមិឋានរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា ព្រមទាំងបង្កើនសមត្ថភាពកម្ពស់ទឹកស្តុកទុកសម្រាប់ស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៣០៥ហិកតា ស្រូវប្រាំង ១៨០ហិកតា និងដំណាំរួមផ្សំ ១០ហិកតា។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករចំនួន ៣៩៣គ្រួសារ ក្នុងភូមិចំនួន៣ នៃសង្កាត់ចេក។


ដោយ៖ ពេជ្រ សំអឿន ,(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





