ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Guangzhe Chen អនុប្រធានធនាគារពិភពលោក (World Bank) ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃពុធទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះធនាគារពិភពលោក ដែលជាដៃគូអភិវឌ្ឍន៍យូរអង្វែង ក្នុងការគាំទ្រហិរញ្ញប្បទានលើគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) ដែលជាគម្រោងស្នូលសម្រាប់ពង្រឹងការគ្រប់គ្រងធនធានទឹក ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ អភិវឌ្ឍវិស័យឧតុនិយម ការបន្ស៊ាំនឹងអាកាសធាតុ និងការពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក សំដៅលើកកម្ពស់សន្តិសុខទឹកប្រកបដោយចីរភាព។
ឯកឧត្តមក៏បានស្នើដល់ធនាគារពិភពលោក បន្តគាំទ្រកម្ពុជាលើការងារអាទិភាពចំនួន ៤ រួមមាន៖
១- ការអនុវត្តគម្រោង CaWSIP ឱ្យទទួលបានជោគជ័យ
២- ការអនុវត្តកិច្ចព្រមព្រៀងសន្តិសុខទឹកកម្ពុជា តាមរយៈហិរញ្ញប្បទានសមស្រប
៣- ការរៀបចំ និងអនុវត្តកម្មវិធីវិនិយោគរយៈពេលវែងសម្រាប់អាងទន្លេសាប និង
៤- ការពង្រីកសមត្ថភាពស្តុកទឹកជាយុទ្ធសាស្ត្រនៅតំបន់ព្រំដែន តាមរយៈការកសាងអាងស្តុកទឹក និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើម្បីពង្រឹងសន្តិសុខទឹក សន្តិសុខស្បៀង និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
លោក Guangzhe Chen បានកោតសរសើរចំពោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ធនាគារពិភពលោកនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ដើម្បីគាំទ្រការអនុវត្តគម្រោង និងកម្មវិធីអាទិភាពនានា សំដៅពង្រឹងសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕



ដោយ៖ ពេជ្រ សំអឿន(ប្រភពក្រសួងធនធានទឹកនិងឧតុនិយម)





