កម្ពុជា ទទួលបានចំណូលជាង ៣៦៧លានដុល្លារ ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦–កម្ពុជា បាននាំចេញអង្ករចំនួន ៦៣០ ពាន់តោន ទៅកាន់ទីផ្សារអន្តរជាតិតាមរយៈក្រុមហ៊ុនចេញអង្ករចំនួន ៦០ក្រុមហ៊ុន សម្រេចបានទឹកប្រាក់ប្រមាណ ៣៦៧.១លានដុល្លារ ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករបានឲ្យដឹងថា ក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៣០៩ ៩០៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៤។

របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន៣២ បានបរិមាណអង្ករចំនួន ១៧៩ ៨២៨តោន គិតជាទឹកប្រាក់ចំនួន ១២១.៧៣លានដុល្លារ, ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ១៧០ ៤៨៣តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៧លានដុល្លារ និងទៅកាន់ប្រទេសក្នុងអាស៊ានចំនួន ៥ប្រទេសបានបរិមាណចំនួន ២២៨ ៧៨០តោន គិតជាទឹកប្រាក់ចំនួន ៩៨.៩លានដុល្លារ។
បន្ថែមពីនេះ កម្ពុជាក៏បាននាំទៅកាន់គោលដៅ ២៤ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា ។ល។ បានចំនួន ៥១ ២២៨តោន គិតជាទឹកប្រាក់ចំនួន ៤៦.៨លានដុល្លារ។
គួរបញ្ជាក់ដែរថា ចំពោះប្រភេទអង្ករដែលបាននាំចេញអង្កររួមមាន អង្ករក្រអូបចំនួន ៥៩.៨១ភាគរយ, អង្ករសគ្រាប់វែង ២២.៥៨ភាគរយ, អង្ករចំហ៊ុយ ១.៨២ភាគរយ, អង្ករសរីរាង្គចំនួន ១.២៤ភាគរយ និងអង្ករផ្សេងៗចំនួន ០.២ភាគរយ៕
ដោយ៖ ស្រីពេជ្រ





