អជ្ញាធរខេត្តកំពង់ស្ពឺ ចុះផ្អាកបណ្តោះអាសន្ននូវដំណើរការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេក ទេស
AKP កំពង់ស្ពឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦---
លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះអនុវត្តលិខិតលេខ ០៤៦/២៦ សជណ របស់រដ្ឋបាលខេត្ត ស្តីពីការផ្អាកបណ្តោះអាសន្ននូវដំណើ រការសហគ្រាស(រោងចក្រ)ធុនតូចកែច្នៃសន្លឹកថ្នាំជក់កោះប៉ែន ដោយដំណើរការពុំទាន់បានអនុវត្តត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធបានកំណត់ ជាហេតុធ្វើអោយមានក្លិនប៉ះ ពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបំពុលបរិស្ថាន ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ។

ជាមួយគ្នានេះ លោកបណ្ឌិត តូច ប៉ូលីវ៉ា ក៏បានណែនាំដល់ម្ចាស់សហគ្រាសធុនតូចកែច្នៃសន្លឹកថ្នាំជក់ អោយបំពេញនិតីវិធីនិងលក្ខខណ្ឌច្បាប់នានា អោយស្របតាមបច្ចេកទេសអោយបានត្រឹមត្រូវឡើងវិញផងដែរ ជៀសវាងធ្វើអោយមានផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបរិស្ថាន បន្តទៀត។
ដោយមានការចូលរួមពី លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ខេត្ត លោក អភិបាល នៃគណៈអភិបាលស្រុកគង ពិសី លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត តំណាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនថែមទៀតផង៕


ដោយ៖ ម៉ែន ប៊ុនធីម





