កាតា៖ ប្រេសិតអាម៉េរិកនៅទីក្រុងដូហា គ្មានការចរចាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ដូចដែលបានគ្រោងទុកទេ
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ -- ប្រទេសកាតាបានបញ្ជាក់កាលពីថ្ងៃអង្គារថា បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump's) គឺលោក ស្ទេវ វីតកូហ្វ (Steve Witkoff) និងលោក ចារេដ គូសនឺ (Jared Kushner) កំពុងស្ថិតនៅទីក្រុងដូហា ប៉ុន្តែនឹងមិនជួបប្រជុំដោយផ្ទាល់ជាមួយមន្ត្រីអ៊ីរ៉ង់នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាចេដ អាល់ អានសារី (Majed Al-Ansari) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថាគណៈប្រតិភូអាម៉េរិកនឹងជួបជាមួយអ្នកសម្របសម្រួលជំនួសវិញ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា(MoU) ដែលបានចុះហត្ថលេខាថ្មីៗនេះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
លោក អាល់ អានសារី ក៏បានកត់សម្គាល់ផងដែរថា ទ្រព្យសម្បត្តិអ៊ីរ៉ង់ចំនួន ៦ប៊ីលានដុល្លារអាម៉េរិកដែលត្រូវបានបង្កកមិនទាន់ត្រូវបានផ្ទេរទៅទីក្រុងតេអេរ៉ង់នៅឡើយទេ។
ការកត់សម្គាល់នេះបានកើតឡើងចំពេលមានការលើកឡើងផ្ទុយគ្នាពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ លើលក្ខណៈនៃទំនាក់ទំនងចុងក្រោយបំផុតនៅទីក្រុងដូហា ដោយសហរដ្ឋអាមេរិកបានលើកឡើងអំពីការពិភាក្សាទាំងនេះជាផ្នែកមួយនៃដំណើរការអនុវត្តសម្រាប់អនុស្សរណៈនៃការយោគយល់គ្នា ខណៈដែលអ៊ីរ៉ង់បានបដិសេធថា ការចរចាដោយផ្ទាល់ជាមួយមន្ត្រីអាម៉េរិកត្រូវបានគ្រោងទុក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





