ប្រធានគណបក្សប្រជាជនកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបាន កំណើន ៤,២%
AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦
សម្ដចអគ្គមហាសេនបតីតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបាន កំណើន ៤,២% សន្តិសុខស្បៀងមានភាពរឹងមាំ ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើន គួរឱ្យកត់សម្គាល់ ឯចំណូលសារពើពន្ធក៏មានកំណើន ផងដែរ។នេះបើយោងតាមសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចេញផ្សាយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងទិវារម្លឹកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦នេះ ទោះបីត្រូវទទួលរងឥទ្ធិពលអវិជ្ជមានពីការវិវិត្តយ៉ាងស្មុគស្មាញ សភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និង បូរណភាពទឹកដីកម្ពុជាក្តី ក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍន៍។ សម្តេចតេជោបានបញ្ជាក់ថា ជាក់ស្តែង យើងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង លំនឹងនៃជីវភាពរបស់ប្រជាជន។ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា៖ «យើងបានប្រឹងប្រែងប្រែក្លាយការលំបាកឱ្យទៅ ជាឱកាសក្នុងការពង្រឹងពង្រីកខ្លួន ដោយការខិតខំពង្រីកផលិតកម្មក្នុងស្រុក លើកស្ទួយការប្រើប្រាស់ ផលិតផលជាតិ និងការខិតខំប្រមូលចំណូលពន្ធជាដើម។ តាមរយៈនេះ បានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជា ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីៗខាងមុខទៀត»។
ជាមួយគ្នានេះ សម្ដេចតេជោលើកឡើងថា ចំពោះបង ប្អូនភៀសសឹកដោយសង្គ្រាមឈ្លានពានបានវិលទៅកាន់ផ្ទះសម្បែង និងប្រកបមុខរបរខ្លួនវិញ ឯបងប្អូនភៀសសឹក មួយចំនួនដែលមិនទាន់អាចវិលទៅភូមិស្ថានផ្ទះសម្បែងរបស់ខ្លួន ដែលត្រូវកងទ័ពថៃប្រើប្រាស់កម្លាំងកាន់កាប់ ដោយខុសច្បាប់នោះ រាជរដ្ឋាភិបាលបានផ្តល់ការគាំពារ និងជួយឧបត្ថម្ភដល់ការរស់នៅ រង់ចាំទម្រាំបងប្អូនអាច វិលត្រឡប់ទៅកាន់ភូមិឋានខ្លួនវិញបាន។ ព្រមជាមួយនោះ យើងបានខិតខំធ្វើឱ្យសហគមន៍អន្តរជាតិបានយល់ ដឹងការពិត ហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់។ សម្តេចតេជោបន្តថា ការធានាបាននូវស្ថានភាពដូច្នេះ គឺអាស្រ័យដោយ កម្លាំងមហាសាមគ្គីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីការពារទឹកដី ការពាររាល់សមិទ្ធផលជាតិ និងបន្តឈាន ឆ្ពោះទៅមុខតាមមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។
សម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាគូសបញ្ជាក់ទៀតថា ការពិតជាក់ស្តែងរយៈពេលជាង ៤៧ឆ្នាំ មកនេះ បានបង្ហាញថា មិនថាស្ថិតក្នុងកាលៈទេសៈ និងស្ថាន ភាពណាឡើយ គណបក្សប្រជាជនកម្ពុជា តែងតែឈរយ៉ាងរឹងមាំលើជំហររបស់ខ្លួន និងរក្សាខ្ជាប់នូវភាពត្រឹម ត្រូវខាងនយោបាយ។ជាមួយគ្នានេះ ការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរជាតិ គ្មានអ្វីអាចមកបំផ្លាញបានឡើយ ហើយដែលជាកត្តាសារវន្តនៃរាល់ជ័យជម្នះរបស់ជាតិ។ ប្រាកដណាស់ថា លើ មាគ៌ាឆ្ពោះទៅមុខ យើងនៅតែត្រូវប្រឈមជាមួយការលំបាក និងឧបសគ្គធំៗជាច្រើនទៀត ដែលបណ្តាលមកពី កត្តាខាងក្នុងផង និងពីកត្តាខាងក្រៅផង ជាពិសេសពីកត្តាខាងក្រៅដែលយើងមិនអាចប៉ាន់ស្មានបាន។ ម្យ៉ាងទៀត មេរៀនដែលយើងទទួលបានពីសភាពការណ៍ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦នេះ បានបញ្ជាក់ឱ្យយើងយល់ ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជាមានកម្លាំងខ្លាំង ទាំងខាងសេដ្ឋកិច្ច ទាំងខាងយោធា និងនយោបាយ ប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងអត្តសញ្ញាណរបស់ជាតិបាន។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា៖ «គ្មានអ្នក ណាផ្តល់សន្តិភាពមកឱ្យយើងទេ សន្តិភាពកើតឡើងពីការប្រឹងប្រែងរបស់យើង និងត្រូវតែការពារឱ្យបានជា ដាច់ខាត ដោយកម្លាំងរបស់យើង»៕

ដោយ៖ ជឹម ណារី





