ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៤៥គ្រួសារ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦--លោកស្រី វេជ្ជ. យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងក្រុមការងារ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាជនរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៤៥គ្រួសាររស់នៅក្នុងស្រុកឈូក ខេត្តកំពត។

លោកស្រីវេជ្ជ. យូ សុគន្ធ បាននាំយកនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិដែលបង្កឡើងដោយគ្រោះធម្មជាតិ និងផ្យព្វផ្សាយនូវសារអប់រំមួយចំនួន ដូចជាត្រូវប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការតិចអំបិល តិចស្ករ តិចខ្លាញ់ និងហាត់ប្រាណជាប្រចាំ ដើម្បីការពារខ្លួនពីជំងឺឆ្លង និងជំងឺមិនឆ្លង ដែលកំពុងរីករាលដាលក្នុងពេលនេះទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។


សូមជម្រាបជូនថា អំណោយផ្តល់ជូននាពេលនេះគ្រាន់តែជួយសម្រាលទុក្ខលំបាករបស់បងប្អូនមួយរយៈខ្លីប៉ុណ្ណោះដូចនេះសូមបងប្អូនខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង។ អំណោយផ្តល់ជូនរួមមាន៖ ១- គ្រួសាររងគ្រោះធ្ងន់ធ្ងរ១១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ កៅស៊ូតង់១ដុំ និងថវិកា២០ម៉ឺនរៀល។ ២- គ្រួសាររងគ្រោះមធ្យម និងស្រាល៣៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ និងថវិកាមួយចំនួនផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





