សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺ ប្រទេសជាតិ,ប្រជាជន, ទឹកដី និង ឯករាជ្យភាពជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs និងសិប្បកម្មកម្ពុជា និយាយដោយឡែក។ ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល និងសហគ្រាស MSMEs ក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការ គោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួងស្ថាប័ន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគម និងវិស័យឯកជន ក្នុងន័យផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស MSMEs និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។
សម្តេចធិបតី បានថ្លែងថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបាននិងកំពុងឆ្លងកាត់វិញ្ញាសាធំៗចំនួន៣ គឺ ទី១. សង្គ្រាមឈ្លានពានព្រំដែននិងអធិបតេយ្យភាព, ទី២. បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី, និង ទី៣. ការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ សម្តេចធិបតី បានបន្តថា គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន, ទឹកដី និងឯករាជ្យភាព, ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។ ក្នុងការពារបូរណភាពទឹកដី, កម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋាន ឱ្យអស់លទ្ធភាព។ ការណ៍នេះ គឺដើម្បីបញ្ចៀសនូវការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ បទពិសោធន៍បានបង្ហាញថា សង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅលើការទិញអាវុធយុទ្ធភណ្ឌ ជំនួសឱ្យការវិនិយោគលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅវិញ។
ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមដែរថា ដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាមជាវិនិយោគិនត្រូវប្រកាន់គោលជំហ ពង្រឹងខ្លួនឯង និងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯង ដែលនេះទើបជាចីរភាពពិតប្រាកដ តាមរយៈការពង្រឹងសមត្ថភាព, ពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ ទើបយើងអាចធានាបានការជឿជាក់ និងការគាំទ្រពីសំណាក់អតិថិជន, ពិសេសពីប្រជាពលរដ្ឋយើងផ្ទាល់តែម្តង។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការរក្សាបានគុណភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។ ភាពច្បាស់លាស់, ការទទួលខុសត្រូវ និងគុណភាព ត្រូវដើរទន្ទឹមគ្នា ដែលជាកត្តាស្លាប់រស់នៃការបង្កើតការជឿជាក់ និងការគាំទ្រយ៉ាងស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ក្នុងន័យនេះ, សហគ្រាស MSMEs ត្រូវដាក់ទិសដៅក្នុងការអភិវឌ្ឍខ្លួនឯង ដោយមិនត្រូវនៅត្រឹមតែជាសហគ្រាស MSMEs ជារៀងរហូតនោះទេ តែត្រូវដាក់ទិសដៅពង្រឹង និង ពង្រឹកខ្លួនឯង ពីតូចទៅធំ ដោយរីកចម្រើន, ដោយឈរលើការជឿទុកចិត្ត និងភាពប្រកួតប្រជែងខ្ពស់។
ជាមួយគ្នានេះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល សង្ឃឹមថាចលនានៃការគាំទ្រផលិតផលក្នុងស្រុកនេះ នឹងនៅតែបន្ត និងបានយូរអង្វែង តទៅទៀត។ រាជរដ្ឋាភិបាល នៅតែបន្តផ្ដល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់សហគ្រាស MSMEs សម្រាប់ទាំងនីតិកាលនេះ និងបន្តទៅដល់នីតិកាលបន្តបន្ទាប់ទៀត ដែលនេះ ជាការជួយសម្រួល, ការលើកទឹកចិត្ត និងការបង្កលក្ខណៈអំណោយផល ដើម្បីឱ្យសហគ្រាស MSMEs កាន់តែរីកចម្រើនលូតលាស់ តទៅមុខ បន្ថែមទៀត។
ជាទីបញ្ចប់, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ទិសដៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សា និងរៀបចំពង្រឹងសមត្ថភាពមន្ទីរពិសោធន៍គុណភាពផលិតផលឱ្យកាន់តែមានផលិតភាព, គុណភាព និងសមត្ថភាពខ្ពស់ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើមុខផលិតផល ឱ្យបានល្អ និងឆាប់រហ័ស ដើម្បីធានាគុណភាព និងឈានទៅសម្រេចឱ្យមានការចុះបញ្ជី ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញ និងបង្កភាពងាយស្រួលដល់ម្ចាស់រោងចក្រ សហគ្រាស៕

ដោយ៖ គង់ សិរីរ័ត្ន





