ឯកឧត្តម កែ គឹមយ៉ាន៖ ពង្រឹងសាមគ្គីភាព និងការចុះមូលដ្ឋានឱ្យជាប់ជាប្រចាំ គឺជាកត្តាកំណត់ជោគជ័យនៃជ័យជម្នះឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសង្កត់ធ្ងន់លើការបង្កើនសកម្មភាព និងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យកាន់តែសកម្ម ដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្ស។

ពិធីនេះត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងាររដ្ឋបាលខេត្ត សមាជិកព្រឹទ្ធសភា-រដ្ឋសភា និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ជាង ១.០០០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកបក្សគ្រប់ជាន់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តយ៉ាងជោគជ័យនូវភារកិច្ចក្នុងឆមាសទី១ ឆ្នាំ២០២៦។

ឯកឧត្ដមបានគូសបញ្ជាក់ថា កម្លាំងមហាជន គឺជាកម្លាំងស្នូលនៃជ័យជម្នះរបស់គណបក្ស។ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ ប្រកបដោយជោគជ័យត្រចះត្រចង់ យើងត្រូវបន្តចុះមូលដ្ឋានឱ្យជាប់លាប់ ស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ សាមគ្គីភាពផ្ទៃក្នុងបក្ស និងការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ គឺជាខែលការពារដ៏រឹងមាំសម្រាប់គណបក្សយើង។

ឯកឧត្ដមប្រធានក្រុមការងារ បានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រមួយចំនួន ដើម្បីត្រៀមលក្ខណៈឱ្យបានពេញលេញសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦ ការពង្រឹងរចនាសម្ព័ន្ធបក្ស បន្តពង្រឹងស្ថាប័នបក្សនៅថ្នាក់មូលដ្ឋានឱ្យមានភាពរឹងមាំ និងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ។ ការគ្រប់គ្រងសមាជិកបក្ស ធ្វើបច្ចុប្បន្នភាព និងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសមាជិកបក្ស ដើម្បីធានាបាននូវការគាំទ្រដ៏រឹងមាំ និងមានប្រសិទ្ធភាព។ បន្តពង្រីកការផ្សព្វផ្សាយអំពីសមិទ្ធផល និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដល់គ្រប់ស្រទាប់មហាជន។ការត្រៀមលក្ខណៈបេក្ខជន ជ្រើសរើសបេក្ខជនដែលមានគុណធម៌ សមត្ថភាព និងទទួលបានការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

តាងនាមឱ្យគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមការណែនាំរបស់ឯកឧត្ដម កែ គឹមយ៉ាន។ ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់នឹងពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចឱ្យបាននូវផែនការសកម្មភាព និងរក្សាបាននូវទំនុកចិត្តពីប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសដ៏មានភាពស្អិតរមួត និងការដាក់ចេញនូវផែនការការងារប្រកបដោយសក្តានុពល ដែលជាជំហានដ៏សំខាន់មួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងការបន្តដឹកនាំ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចម្រើន៕
ដោយ៖ ឈុន សារ៉ាត





