កិច្ចប្រជុំស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិក្រពើ
AKP កំពង់ធំ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- គណបក្សប្រជាជនកម្ពុជាឃុំទួលគ្រើល នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្មាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំ ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា និងចាត់តាំងក្រុមការងារចុះមូលដ្ឋានភូមិក្រពើ ក្រោមអធិបតីភាពលោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល តំណាងឯកឧត្តមបណ្ឌិត ហេង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល និងដោយមានការអញ្ជើញចូលរួមពីលោកស្រី ង៉ែត ណារីន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើលនិងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិជន្លូស លោកស្រី ស៊ិន ស៊ីផាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកប្រាសាទបល្ល័ង្ក ជាអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល និងជាប្រធានក្រុមការងារចុះមូលដ្ឋានភូមិម្រាក (ក) និងសមាជិកសមាជិកាចំនួន ៨៦នាក់។

លោកស្រី ង៉ែត ណារីន បានណែនាំដល់ក្រុមការងារត្រូវតាមដានឈ្វេងយល់ វិភាគសភាពការណ៍នយោបាយរបស់ពួកអមិត្ត និងតាមមជ្ឈដ្ឋាននានាដើម្បីរៀបចំ វិធានការទប់ស្កាត់ ព្រមទាំងផ្តល់គោលការណ៍វាយបកទាន់ពេលវេលាតាមគ្រប់មធ្យោបាយ។ សហការណ៍ គាំទ្រ គៀងគរប្រភពធនធានស្របច្បាប់នានា ដើម្បីធានាលើការងារគណបក្ស និងការកសាងសមិទ្ធិផលថ្មីៗជូនគណបក្សប្រជាជនកម្ពុជា បំពេញការងារផ្សេងៗតាមការចាំបាច់ដែលគណបក្សថ្នាក់លើប្រគល់ជូន។ ក្រុមការងារមានសិទ្ធិចាត់ចែង និងចាត់តាំងមន្ត្រីគណបក្សក្រោមឱវាទបន្ថែមចុះមូលដ្ឋានដែលខ្លួនទទួលខុសត្រូវបានសមស្របដើម្បីបំពេញការងារផ្សេងៗតាមការងារចាំបាច់។ ប្រសិនបើបងប្អូនអត្តសញ្ញាណប័ណ្ណផុតសុពលភាព ខុសអក្ខរាវិរុទ្ធ ឬក៏បាត់បង់សូមអញ្ជើញទៅធ្វើអត្តសញ្ញាណប័ណ្ណជាបន្ទាន់ ដើម្បីត្រៀមក្នុងការបោះឆ្នោតជ្រើសរើសឃុំ/សង្កាត់នាពេលខាងមុខនេះ។

លោកស្រី ស៊ិន ស៊ីផាន បានបញ្ជាក់ថា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងភូមិនីមួយៗត្រូវប្រជុំជីវភាពប្រចាំខែនិងប្រជុំតាមការចាំបាច់នានារបស់គណបក្ស ដើម្បីត្រួតពិនិត្យពិភាក្សា បូកសរុបវឌ្ឍនភាពការងារគណបក្ស ដាក់ផែនការ ទិសដៅបន្ត ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ក្តាប់ឱ្យបាននូវសំណូមពរ និងសតិអារម្មណ៍ ដើម្បីវិភាគចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងកាលានុវត្តភាពរបស់គណបក្សដើម្បីកសាងនូវយន្តការដោះស្រាយសមស្របមួយសំដៅអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ថ្នាក់ខិតខំស្រាវជ្រាវសភាពការណ៍ សតិអារម្មណ៍ក្នុងស្រទាប់យុវជន ស្ត្រី កម្មករ និយោជិត និងគ្រប់មជ្ឈដ្ឋានមហាជន។ តាមដានពិនិត្យ វាយតម្លៃការអនុវត្តតួនាទីភារកិច្ច ការធ្វើអំពើល្អរបស់មន្ត្រីគណបក្ស សំដៅកែលម្អឱ្យបានទាន់ពេលវេលាស្របតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលគ្រើល បានផ្ដាំផ្ញើដល់សមាជិកសមាជិកាត្រូវមានឆន្ទៈបម្រើគណបក្សប្រជាជនកម្ពុជា មានចិត្តស្មោះត្រង់ និងការតាំងចិត្តក្នុងការបម្រើ ឬគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។ បង្ហាញពីការលើកទឹកចិត្តឱ្យសមាជិក ឬអ្នកគាំទ្រ មានការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែង និងដាក់អាទិភាពលើផលប្រយោជន៍របស់គណបក្សក្នុងការងារនានា។ ត្រូវមានភាពស្មោះត្រង់នៅក្នុងគណបក្សប្រជាជនកម្ពុជា សមាជិក ឬអ្នកដែលពាក់ព័ន្ធត្រូវមានចិត្តស្មោះត្រង់ មិនបន្លំ មិនក្បត់ និងគោរពតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។ មានសាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា សមាជិកទាំងអស់ត្រូវរួបរួមគ្នា មានការយោគយល់គ្នា និងធ្វើការជាអង្គភាពតែមួយ ដើម្បីគាំទ្ រនិងអភិវឌ្ឍន៍គណបក្សប្រជាជនកម្ពុជា៕
ដោយ៖ ស៊ុម វណ្ណា





