គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន បន្តសកម្មភាពចុះសួរសុខទុក្ខ និងនាំយកអំណោយជូនអតីតមន្ត្រីរាជការជានិវត្តជន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យព័ត៌មាន (អ.ន.ក វិស័យព័ត៌មាន) នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបន្តអនុវត្តន៍ការងារស្នូលរបស់ខ្លួន ដោយចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភទៅជូនអតីតមន្ត្រីរាជការជានិវត្តជននៃក្រសួងព័ត៌មានដល់លំនៅឋាន។
សកម្មភាពចុះសួរសុខទុក្ខនិវត្តជនរួមមាន លោកស្រី សាលី វណ្ណា លោកស្រី ណយ ស៊ីថា អតីតមន្ត្រីនៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងលោក ច័ន្ទ ណារិន អតីតមន្ត្រីនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន មានការដឹកនាំផ្ទាល់ដោយ លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍក្រសួងព័ត៌មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មាធិការ អ.ន.ក វិស័យព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមជាច្រើនរូបទៀត។


នៅក្នុងឱកាសចុះជួបផ្ទាល់នោះ លោកជំទាវប្រធានកិត្តិយស បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះគុណបំណាច់របស់អតីតមន្ត្រីរាជការទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍កន្លងមក។ ជាមួយគ្នានោះ ក្រុមការងារក៏បានណែនាំពីនីតិវិធីចុះឈ្មោះជាសមាជិកសមាគម ដើម្បីបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងទទួលបានការគិតគូរយកចិត្តទុកដាក់បន្ថែមទៀតពីស្ថាប័នផងដែរ៕


ដោយ៖ ទូច វលក្ខ័ណ រូបថត៖ ឡាយ សារ៉ុម





