លោក ឡុង ឌីម៉ង់ អញ្ជើញអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភព លោក ៥មិថុនា ក្រោមប្រធានបទ សំណល់សូន្យ (Zero Waste) នៅសាលាអនុវិទ្យាល័យសម្តេចឪ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអបអរសា ទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «សំណល់សូន្យ (Zero Waste)» នៅសាលាអនុវិទ្យាល័យសម្តេចឳ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

លោក ម៉ឹង សុភាព ប្រធានស្តីទីមន្ទីរបរិ ស្ថានខេត្តព្រះសីហនុ បានថ្លែងថា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ២០២៦ ក្រោមប្រធានបទ «សំណល់សូន្យ Zero Waste» ជាការឆ្លុះបញ្ចាំងឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នាក្នុងបុព្វហេតុបរិស្ថាន និងក្លាយជាចរន្តចលករជំរុញឱ្យមានការផ្តើមធ្វើសកម្មភាពមេត្រីភាពបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការទទួល ខុសត្រូវលើការទុកដាក់សំរាម និងសំណល់រឹង រាវគ្រប់ប្រភេទ ការលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានបំផុសការដាំដើមឈើ និងការគ្រប់គ្រង។

បន្ថែមជាង នេះទៀត យល់ដឹងជាសាធារណៈការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងផ្លាស់ប្តូរឥរិយាបទ លើការបោះ ចោលសំរាមតាមទីសាធារណៈ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ជាមួយសសរស្តម្ភចំនួន៣គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាតផ្លូវជាតិ បរិស្ថានបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធាន បទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»។
លើសពីនេះទៀត មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានជួយសម្របសម្រួលជាមួយក្រសួងបរិស្ថានក្នុងការចែកធុងសំរាមដល់សាលារៀន មណ្ឌល សុខភាព និងវត្តអារាមនានាក្នុងខេត្តព្រះសីហនុចំនួន ៣ធុងសំរាម សម្រាប់១ ទីតាំង សរុបអស់ធុងសំរាមចំនួន ៨២៨ធុង ។ មន្ទីរបានបណ្តុះកូនឈើចំនួន ១៤ប្រភេទ រួមមាន (ដើមកោងកាង គគី ក្រញ៉ង ឈើទាល អំពិលជូរ ខ្នុរ ត្នោត ព្រីង ទៀបស្វិត ស្វាយចន្ទី នាងនួន ធ្នង់ ឥន្ទនេល និងក្ងោក) មានចំនួនសរុប ៩៩.៦៩១ដើម។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ខេត្តព្រះសីហនុ បានដើរតួនាទីជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ និងមានសក្តានុពលខ្ពស់របស់កម្ពុជា តាមរយៈការអភិវឌ្ឍលើវិស័យឧស្សា ហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារកម្ម។ ស្របពេលដែលយើងកំពុងបានបោះជំហានទៅមុខយ៉ាងលឿនក្នុងការប្រែក្លាយខេត្តរបស់យើងទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ការគ្រប់គ្រងបរិស្ថាន និងសំណល់ គឺជាកាតព្វកិច្ចដាច់ខាត និងជាឆ្អឹងខ្នង នៃការអភិវឌ្ឍប្រកបដោយចីរភាព។

លោក អភិបាលរងខេត្តបានបន្តថា ប្រធានបទ «សំណល់សូន្យ (Zero Waste)» មិនមែនគ្រាន់តែជាពាក្យ ស្លោក ឬជាក្តីស្រមៃដែលមិនអាចទៅរួចនោះទេ ប៉ុន្តែវាគឺជា «ចក្ខុវិស័យ និងជាយុទ្ធសាស្ត្រសកម្មភាព» ដែលតម្រូវឱ្យយើងផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃ ដើម្បីក្លាយខ្លួនជាពលរដ្ឋនៅក្នុងសង្គមមួយដែលស៊ីវីល័យ។ «សំណល់សូន្យ» មិនមែនមានន័យថា យើងមិនបង្កើតសំរាមទាល់តែសោះនោះទេ ប៉ុន្តែវាគឺជាការជំរុញឱ្យមានការរៀបចំប្រព័ន្ធសេដ្ឋកិច្ចវិលជុំ (Circular Economy) ដែលក្នុងនោះ សំណល់ត្រូវតែត្រូវបានកាត់បន្ថយជាអតិបរមា មានការកែច្នៃ និងប្រើប្រាស់ឡើងវិញឱ្យអស់លទ្ធភាព មុននឹងឈានទៅដល់ការទុក ដាក់នៅទីលាន។
ជាមួយគ្នានោះដែរ លោកអភិបាលរង ខេត្តព្រះសីហនុ ក៏បានអំពាវនាវ និងដាក់ចេញទិសដៅការងារសំខាន់ៗចំនួន៤ ដូចខាងក្រោមប១.សម្រាប់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សសូមមេត្តាចាប់ផ្តើមអនុវត្តគោលការណ៍ 5R (Refuse បដិសេធមិនប្រើប្លាស្ទិក, Reduce កាត់បន្ថយ, Reuse ប្រើឡើងវិញ, Recycle កែច្នៃ, និង Rot ធ្វើជីកំប៉ុស)។ សូមញែកសំណល់សើម (សំណល់អាហារ) និងសំណល់ស្ងួតឱ្យដាច់ពីគ្នា ចាប់ពីថ្ងៃនេះតទៅ។
២.សម្រាប់វិស័យឯកជន អាជីវករ ម្ហូបអាហារ និងសណ្ឋាគារ សូមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើបាន តែម្តង (Single-use plastic) និងងាកមកប្រើប្រាស់សម្ភារៈដែលងាយរលាយ ឬអាចប្រើឡើងវិញបាន។

៣.មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជម្រុញការផ្សព្វផ្សាយ អប់រំ និងពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាការសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ដើម្បីធ្វើការកែលម្អប្រព័ន្ធដឹកជញ្ជូន ធានាឱ្យបាននូវការបែងចែកប្រភេទទុកដាក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតប ទៅនឹងការខិតខំប្រឹងប្រែងញែកសំរាមរបស់ប្រជាពលរដ្ឋ។
៤.សម្រាប់ដៃគូអភិវឌ្ឍន៍ និងវិស័យឧស្សាហកម្ម សូមលើកទឹកចិត្តឱ្យមានការវិនិយោគបន្ថែមលើបច្ចេកវិទ្យាកែច្នៃសំណល់ (Recycling technology) ដើម្បីបង្វែរសំណល់នៅក្នុងខេត្តព្រះសីហនុ ឱ្យទៅជាធនធាន សេដ្ឋកិច្ច បង្កើតការងារ និងកាត់បន្ថយការបំពុលបរិស្ថាន៕
ដោយ៖ ងូ សុមុនី





