តំបន់អាស៊ីអាគ្នេយ៍ប្រឈមនឹងហានិភ័យខ្ពស់បំផុតនៃអ័ព្ទឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ -- វិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី (SIIA) កាលពីពេលថ្មីៗនេះ បានចេញផ្សាយរបាយការណ៍ទស្សនវិស័យអ័ព្ទឆ្នាំ២០២៦ របស់ខ្លួន ដោយបានព្រមានថា តំបន់អាស៊ីអាគ្នេយ៍អាចប្រឈមមុខនឹងហានិភ័យខ្ពស់នៃអ័ព្ទឆ្លងដែនធ្ងន់ធ្ងរនៅក្នុងរយៈពេលប៉ុន្មានខែដែលសេសសល់នៃឆ្នាំ២០២៦ នេះ។
វិទ្យាស្ថាន SIIA បាននិយាយថា ខ្លួនបានចេញការព្រមានកម្រិត«ក្រហម» ដ៏កម្រមួយ ដែលបង្ហាញពីហានិភ័យខ្ពស់នៃអ័ព្ទឆ្លងដែនធ្ងន់ធ្ងរដែលប៉ះពាល់ដល់ប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរីនៅក្នុងខែដែលនៅសល់នៃឆ្នាំនេះ។ នេះជាលើកទីពីរហើយ ដែលវិទ្យាស្ថានបានចេញចំណាត់ថ្នាក់ហានិភ័យខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីខ្លួនបានដាក់ចេញទស្សនវិស័យប្រចាំឆ្នាំក្នុងឆ្នាំ២០១៩ មក បន្ទាប់ពីមានការវាយតម្លៃស្រដៀងគ្នានេះកាលពីក្នុងឆ្នាំ២០២៣។
របាយការណ៍នេះបានកំណត់សម្រាប់ខែសីហាដល់ខែកញ្ញាថា ជារយៈពេល «គ្រោះថ្នាក់កំពូល» សម្រាប់អ័ព្ទឆ្លងដែនដោយសារតែបាតុភូតអាកាសធាតុអ៊ែលនីញ៉ូដ៏ខ្លាំង ដែលនាំមកនូវលក្ខខណ្ឌក្តៅ និងស្ងួតជាងមុន។
ហានិភ័យកាន់តែខ្ពស់នៅក្នុងឆ្នាំនេះ កើតឡើងនៅពេលដែលការរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមុសបានបង្កើនសម្ពាធថ្លៃដើមលើវិស័យកសិកម្ម ដែលមួយផ្នែកដោយសារតែកង្វះប្រេងឥន្ធនៈ និងការកើនឡើងនៃតម្លៃជី។
ក្នុងពេលជាមួយគ្នានេះ តម្រូវការឥន្ធនៈជីវសាស្រ្តដែលកំពុងកើនឡើងបានបង្កើនការព្រួយបារម្ភថា អ្នកផលិតមួយចំនួនអាចពង្រីកចម្ការរបស់ពួកគេដោយងាកទៅរកវិធីសាស្ត្រឈូសឆាយដីដែលមានតម្លៃថោកជាង ប៉ុន្តែមិនស្ថិតស្ថេរ ដូចជាការប្រើប្រាស់ភ្លើងជាដើម។
របាយការណ៍នោះបានបញ្ជាក់ថា តាមប្រវត្តិសាស្ត្រ ឧប្បត្តិហេតុអ័ព្ទធ្ងន់ធ្ងរបំផុតបានកើតឡើងនៅពេលដែលបាតុភូតអ៊ែលនីញ៉ូ និងបាតុភូតឌីប៉ូឡេ ដែលបានកើតឡើងស្របគ្នា ដូចជាករណីក្នុងឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៨ ឆ្នាំ២០១៥ និងឆ្នាំ២០២៣។
យោងតាមតួលេខដែលដកស្រង់ដោយវិទ្យាស្ថាន SIIA បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានបង្កឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណ ១៦,១ពាន់លានដុល្លារអាម៉េរិកនៅឥណ្ឌូណេស៊ី និង ១,៤២ពាន់លានដុល្លារអាម៉េរិកនៅសិង្ហបុរី។
របាយការណ៍នេះក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំក្នុងចំណោមប្រទេសក្នុងតំបន់ស៊ាន ដើម្បីដោះស្រាយអ័ព្ទឆ្លងដែន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





