ម៉ាឡេស៊ីព្រមានអំពីការកើនឡើងនៃការខាតបង់ដោយសារការឆបោកតាមអនឡាញ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃម៉ាឡេស៊ី បាននិយាយកាលពីពេលថ្មីៗនេះថា ការខាតបង់ទូទាំងប្រទេសដែលបណ្តាលមកពីករណីឆបោកតាមអនឡាញ បានកើនឡើងពី ១,៥៧ពាន់លានរីងហ្គីត(៣៩២លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ២០២៤ ដល់ ២,៩៧ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៥ ដោយមានការខាតបង់ដល់ទៅ ៨៣០លានរីងហ្គីតក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។
ក្រសួងបាននិយាយថា ការឆបោកបែបវិនិយោគបានកត់ត្រានូវការខាតបង់ខ្ពស់បំផុត ដែលមានចំនួន ៨៤៨,៦២លានរីងហ្គីត ក្នុងឆ្នាំ២០២៤កើនឡើងដល់ ១,៤៦ពាន់លានរីងហ្គីត ក្នុងឆ្នាំ២០២៥ និងសរុបមានចំនួន៣៦១,៦៣លានរីងហ្គីត រហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។
នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់សភា ក្រសួងបាននិយាយថា និន្នាការនេះត្រូវបានតាមដានយ៉ាងដិតដល់ដោយការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ដែលបណ្តាលឱ្យមានការខាតបង់ថវិកាចំនួន៤៩៧,១២លានរីងហ្គីត ក្នុងឆ្នាំ២០២៤ ខាតថវិកា ៨០២,៤៧លានរីងហ្គីត ក្នុងឆ្នាំ២០២៥ និង ២៣៥,៦៣លានរីងហ្គីត គិតត្រឹមខែឧសភា ឆ្នាំ២០២៦។
ការខាតបង់ពីការឆបោកបែបស្នេហា មានចំនួន ៤៥,៨៧លានរីងហ្គីតក្នុងឆ្នាំ២០២៤ ៤៧,៤៤លានរីងហ្គីត ក្នុងឆ្នាំ២០២៥ និង ១៧,៧៦លានរីងហ្គីតរហូតមកដល់ពេលនេះនៅក្នុងឆ្នាំនេះ។
ក្រសួងមហាផ្ទៃបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអនឡាញ ដោយពង្រឹងមជ្ឈមណ្ឌលឆ្លើយតបការឆបោកជាតិ (NSRC) ដែលដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃនិងចាត់វិធានការរហ័សដើម្បីបង្កកគណនីធនាគារ និងដាក់កម្រិតប្រតិបត្តិការ។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២២ មជ្ឈមណ្ឌល NSRC បានបង្កកមូលនិធិទាក់ទងនឹងការឆបោកចំនួន ៣២,៤៩លានរីងហ្គីតប្រកបដោយជោគជ័យ ដែលក្នុងនោះទឹកប្រាក់ ១០,៩លានរីងហ្គីត ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
សម្រាប់រយៈពេលពីខែមករាដល់ខែឧសភា ឆ្នាំ២០២៦ ប្រាក់ចំនួន៧,២៥លានរីងហ្គីតត្រូវបានបង្កក ដែលក្នុងនោះ ៣,៥៧លានរីងហ្គីត ឬ ៤៩% ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
ក្រសួងបាននិយាយថា ការកើនឡើងភាគរយនៃប្រាក់ដែលបានប្រគល់មកវិញ បានបង្ហាញថា មជ្ឈមណ្ឌល NSRC កំពុងកាន់តែមានប្រសិទ្ធភាពជាមជ្ឈមណ្ឌលឆ្លើយតបការឆបោកជាតិ និងទទួលបានទំនុកចិត្តពីសាធារណជនកាន់តែច្រើន៕





