អភិបាលស្រុកអង្គរបូរី ចែកបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន1 461ក្បាលដី នៅឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតាកែវ
AKP តាកែវថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៦--អភិបាលស្រុកអង្គរបូរី បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ជូនដល់ប្រជាពលរដ្ឋម្ចាស់ក្បាលដីចំនួន1 461ក្បាលដី ដែលមានប្រជា ពលរដ្ឋប្រមាណ563គ្រួសារ មកពីបីភូមិក្នុងឃុំគោកធ្លកគឺ៖ ភូមិព្រែកតាផ ភូមិព្រែកដា និងភូមិទួលពុទ្រា។ពិធីនេះរៀបចំឡើងនៅវត្តភ្នំដា ស្ថិតនៅក្នុងឃុំគោកធ្លកស្រុកអង្គរបូរីខេត្តតាកែវ កាល ពីព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៦។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលស្រុកអង្គរបូរី លោកអភិបា លរងស្រុក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលស្រុកអង្គរបូរី មេឃុំ ជំទប់ ក្រុមប្រឹក្សាឃុំគោកធ្លកនិងប្រជាពលរដ្ឋម្ចាស់អចលនវត្ថុទាំង563គ្រួសារ ចូលរួមផងដែរ។
មានប្រសាសន៍សំណេះសំណាលក្នុងពេលនោះ លោក កង អាណាន់ អភិបា លនៃគណៈអភិបាលស្រុកអង្គរបូរី បានមានប្រសាសន៍ថា បណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ដែលបងប្អូនទទួលបាននៅថ្ងៃនេះ គឺជាឯកសារកតិយុត្តដ៏មានសារៈសំខាន់បំផុត ដែលធានាដោយច្បាប់។ដីដែលមានបណ្ណកម្មសិទ្ធិពិតប្រាកដ បញ្ចប់រាល់វិវាទដីធ្លីនិងការដណ្ដើមព្រំប្រទល់។ងាយស្រួលក្នុងការផ្ទេរសិទ្ធិ ការលក់ដូរឬដាក់បញ្ចាំ ដើម្បីយកទុនមកពង្រីកមុខរបរ។ដីដែលមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ តែងតែមានតម្លៃខ្ពស់និងរឹងមាំ នៅលើទីផ្សារអចលនទ្រព្យ។
លោក កង អាណាន់ បានមានប្រសាស ន៍បន្តថា ការផ្ដល់បណ្ណកម្មសិទ្ធិនេះ វាក៏ជួយកាត់បន្ថយជម្លោះរឿងដីធ្លី បានមួយកម្រិតថែមទៀតដែរ។ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានប្លង់រឹងទាំងនោះ ត្រូវថែរក្សាការពាឱ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្ដៅ សុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លីពេញលេញ និងជៀសវាងនូវការរំលោភបំពានលើដីធ្លីរបស់បងប្អូន។
លោក កង អាណាន់ ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការពិចារណាឱ្យបានច្បាស់លាស់ មុននឹងយកប្លង់កម្មសិទ្ធិទៅដាក់បញ្ចាំនៅធនា គារ ដើម្បីខ្ចីប្រាក់មកបង្កើនមុខរបររបស់ខ្លួន ជៀសវាងមានបញ្ហានៅពេលសងត្រឡប់ទៅវិញ។ព្រោះបណ្ណកម្មសិទ្ធិនេះគឺជាឯកសារដ៏មានសារៈសំខាន់ ជាឯកសារតំណាងឱ្យទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ជាឯកសារតំណាងឱ្យកម្មសិទ្ធិផ្ដាច់មុខរបស់បងប្អូន ហើយអាចបញ្ជៀសនូវរាល់ជម្លោះផ្នែកដីធ្លីបាន។
លោកអភិបាលស្រុកអង្គរបូរី បានលើកឡើងពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរខេត្ត-ស្រុក ជាពិសេសមន្ត្រីជំនាញសុរិយោដី ក្នុងការចុះវាស់វែងដីធ្លី ធ្វើបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ លើការគ្រប់គ្រងដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ យកទៅប្រើប្រាស់លើការប្រកបរបរអាជីវកម្មផ្សេងៗ តាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅផងដែរ៕
ដោយ៖ អ៊ុច សៀង





