ឯកឧត្តមអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុបានចូលជួបសម្តែងការគួសម និងជំរាបលាថ្នាក់ដឹកនាំខេត្ត
AKP ព្រះសីហនុ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ នារសៀលថ្ងៃព្រហស្បតិ៍ទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះបានទទួលជំនួបសម្តែងការគួសមជាមួយឯកឧត្ដម LAI XUAN CHIEN អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមវៀតណាម ប្រចាំខេត្តព្រះសីហនុ ដែលត្រូវបញ្ចប់អាណត្តិការទូតនៅខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តម LAI XUAN CHIEN អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ បានថ្លែងអំណគុណឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត លោក លោកស្រីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយអគ្គកុងស៊ុលវៀតណាមប្រជាំខេត្តព្រះសីហនុ ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមនៅលើទឹកដីខេត្តតំបន់ឆ្នេរមួយនេះ ទទួលបានលទ្ធផលផ្លែផ្កា ជាពិសេសរដ្ឋបាលខេត្តព្រះសីហនុ តែងតែជួយសម្របសម្រួលនូវរាល់បញ្ហាប្រឈមក្នុងបេសកកម្មការទូត ជាពិសេសក្នុងការដោះស្រាយបញ្ហារួមគ្នានៅក្នុងមូលដ្ឋាន នៃខេត្តព្រះសីហនុ ហើយឯកឧត្តមក៏មានមោទនភាពក្នុងការបំពេញបេសកកម្មការទូតនៅលើទឹកដីខេត្តព្រះសីហនុ។

ឯកឧត្តម LAI XUAN CHIEN បានបញ្ជាក់ថា នេះគឺជាបេសកកម្មការទូតអាណត្តិទី២របស់ឯកឧត្តម នៅលើទឹកដីខេត្តព្រះសីហនុដ៏ស្រស់បំព្រងរយពេលជិត ៤ឆ្នាំមកនេះ ហើយកាលពីអាណត្តិទី១របស់ឯកឧត្តម បានមកបំពេញការងារជាអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ចាប់ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤ ថ្វីត្បិតតែរូបឯកឧត្តមត្រូវបានបញ្ចប់បេសកកម្មនៅខេត្តព្រះសីហនុក៏ពិតមែន តែឯកឧត្តមនៅតែចងចាំពីសកម្មភាពការងារដែលសម្រេចបាននាពេលកន្លងមក ហើយសង្ឃឹមថា នៅពេលខាងមុខរូបឯកឧត្តម និងបានមកកាន់ខេត្តព្រះសីហនុម្តងទៀត ទោះបីក្នុងនាមជាមិត្តភាពរវាងខេត្តព្រះសីហនុ និងវៀតណាមយ៉ាងណាក្តី។

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ដែលត្រូវបានបញ្ចប់ បេសកកម្មការទូតនៅខេត្តព្រះសីហនុ ដោយឯកឧត្តមបានមានប្រសាសន៍ថា កន្លងមកយើងមានកិច្ចសហប្រតិបត្តិការ ល្អជាមួយគ្នា និងការចាប់ដៃគ្នាបំរើការងារជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ធ្វើឱ្យទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដោះស្រាយបានទាន់ពេលវេលា ទោះបីឯកឧត្តម បានចាកចេញពីខេត្តព្រះសីហនុក៏ដោយ តែឯកឧត្តមអាចមកកាន់ខេត្តព្រះសីហនុ ក្នុងនាមជាមិត្តភាព ហើយរដ្ឋបាលខេត្តរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម និងសហការីគ្រប់ពេលវេលា ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរកម្ពុជា វៀតណាម ។


ទន្ទឹមនឹងការបញ្ចប់បេសកកម្មការទូត នៅលើទឹកដីតំបន់ឆ្នេរ នៃ ខេត្តព្រះសីហនុប្រកបដោយសមត្ថភាព និងមានទំនាក់ទំនងល្អជាមួយរដ្ឋបាលខេត្តព្រះសីហនុ។ ជាការឆ្លើយតបទៅនឹងការងារការទូតរបស់ឯកឧត្តមនៅលើទឹកដីនៃខេត្តព្រះសីហនុ យើងខ្ញុំក៏បានស្មើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រោសព្រះ រាជទាននូវ គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូនចំពោះ ឯកឧត្តម LAI XUAN CHIEN អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ផង ដែរ និងសូមជូនពរឯកឧត្តម និងសហការីមានសុខភាពល្អ សេរីសួស្តី សុភមង្គល ប្រកបការងារទទួលបានជោគជ័យបន្ថែមទៀតសម្រាប់បេសកកម្មការទូត របស់ឯកឧត្តម ៕
ដោយ ងូ សុមុនី





