ស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ មិនប៉ះពាល់ដល់ការវាយតម្លៃរបស់សហគ្រិនរុស្ស៊ីលើបរិយាកាសវិនិយោគរបស់កម្ពុជាទេ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ -- នៅក្នុងសន្និសីទសារព័ត៌មានមួយនៅស្ថានទូតរុស្ស៊ីប្រចាំកម្ពុជានាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ឯកឧត្តម អាណាតូលី បូរ៉ូវីក បានបញ្ជាក់ថា រុស្ស៊ីកំពុងតាមដានស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ហើយក្នុងពេលជាមួយគ្នានេះ ជម្លោះនេះមិនបានប៉ះពាល់ដល់ការវាយតម្លៃរបស់សហគ្រិនរុស្ស៊ី លើបរិយាកាសវិនិយោគរបស់កម្ពុជាទេ។ ប្រទេសរុស្ស៊ីយកចិត្តទុកដាក់ដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយកម្ពុជាក្នុងរយៈពេលវែង។
ឯកឧត្តមឯកអគ្គរដ្ឋទូត បាននិយាយថា យើងជឿជាក់ថា ការសម្រេចបាននូវសន្តិភាពរយៈពេលវែងនឹងអាស្រ័យទៅលើការស្តារឡើងវិញនូវទំនុកចិត្តនយោបាយរវាងភាគីទាំងពីរ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាទំនុកចិត្តនេះនាពេលអនាគត ដែលវាមានសារៈសំខាន់ក្នុងការធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីភាពរបស់អាស៊ាន ដើម្បីពុះពារភាពផ្ទុយគ្នាដែលមានស្រាប់។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងពីរដែលបានធ្វើឡើងនៅខាងក្រៅនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន នៅទីក្រុងកាហ្សានរបស់ប្រទេសរុស្ស៊ីកាលពីពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីបានកត់សម្គាល់ថា ជាលទ្ធផលនៃឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២% បើទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះក៏មិនទាន់ត្រូវគ្នានឹងសក្តានុពលដែលមានស្រាប់នោះទេ។ ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់តំណាងក្រុមហ៊ុនរុស្ស៊ីធំៗកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ផងដែរ ដែលរួមមានក្រុមហ៊ុន AvtoVAZ, GAZ ក្រុមហ៊ុន KAMAZ និងក្រុមហ៊ុន Miratorg។

នៅក្នុងជំនួបរបស់មេដឹកនាំទាំងពីរនោះ រដ្ឋាភិបាលនៃប្រទេសទាំងពីរកំពុងសហការគ្នាដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ។ ដោយឡែកមួយទៀត នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាន លោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី និងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកអន្តរកម្មលើគ្រប់វិស័យ។ លោកជំទាវ Oksana Lut បានថ្លែងថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាជាលម្អិតអំពីការផ្គត់ផ្គង់ជីរ៉ែ ផលិតផលការពាររុក្ខជាតិ ថ្នាំពេទ្យសត្វ និងវ៉ាក់សាំងដល់ព្រះរាជាណាចក្រកម្ពុជា។ ជាលទ្ធផលនៃកិច្ចពិភាក្សានោះ អនុស្សរណៈនៃការយោគយល់គ្នា ត្រូវបានចុះហត្ថលេខារវាងក្រសួងកសិកម្មរុស្ស៊ី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។
ជំហានទាំងអស់នេះ ជាសក្ខីភាពជាក់ស្តែងនៃភាពទាក់ទាញនៃទីផ្សារកម្ពុជាសម្រាប់អាជីវកម្មរុស្ស៊ី និងការពង្រឹងចំណងមិត្តភាពរវាងសហគមន៍អាជីវកម្មនៃប្រទេសយើងទាំងពីរ៕
ដោយ៖ យា ចិន្តាខន្តី





