រដ្ឋបាលខេត្តឧត្តរមានជ័យបើកកិច្ចប្រជុំចុះសិក្សាប្រមូលធាតុចូលនៅតំបន់សក្តានុពលអភិវឌ្ឍតាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ
AKP ឧត្តរមានជ័យ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- នៅសាលប្រជុំសំរោងរាជានៃសាលាខេត្តឧត្តរមានជ័យ ថ្ងៃអង្គារទី២៣ ខែមិថុនា ឆ្នាំ២០២៦ បើកកិច្ចប្រជុំចុះសិក្សាប្រមូលធាតុចូលនៅតំបន់សក្តានុពលអភិវឌ្ឍតាមតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស៊ុម សុខម្តូ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉េត មាសភក្តី អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត, ប្រធាន-អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងតំណាងរដ្ឋបាលក្រុង-ស្រុកជាប់ព្រំដែន និងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត។


ឯកឧត្តម ស៊ុម សុខម្តូ មានប្រសាសន៍ថា ការសិក្សាស្រាវជ្រាវ និងការប្រមូលធាតុចូលគ្រប់ជ្រុងជ្រោយលើតំបន់សក្តានុពលអភិវឌ្ឍន៍ គឺជាជំហានយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាព ។ សូមបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុល ផ្ដោតលើការប្រមូលព័ត៌មាន ទិន្នន័យបច្ចេកទេស និងធាតុចូលសំខាន់ៗពីអាជ្ញាធរមូលដ្ឋាន ដើម្បីវាយតម្លៃលើស្ថានភាពភូមិសាស្ត្រ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសក្តានុពលផ្សេងៗដែលមានស្រាប់នៅតាមបន្ទាត់ព្រំដែន។ ឯកឧត្តមមានប្រសាសន៍បន្តថា ការប្រមូលធាតុចូលនាពេលនេះ គឺជាគ្រឹះស្ថានបច្ចេកទេសក្នុងការរៀបចំផែនការមេ ដើមី្បជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ច្រកទ្វារព្រំដែន និងការទាក់ទាញការវិនិយោគ ដែលនឹងជួយបង្កើតការងារ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ឯកឧត្តមរដ្ឋលេខាធិការក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាការជួយសម្របសម្រួលដល់ក្រុមការងារថ្នាក់ជាតិដែលនឹងចុះសិក្សាផ្ទាល់ដល់ទីតាំងព្រំដែនជាក់ស្តែង ដើមី្បឱ្យដំណើរការរៀបចំគម្រោងអភិវឌ្ឍន៍នេះប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ ទិត ស្រ៊





