អាស៊ាន និងចិន មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- វេទិកាមួយដែលបានប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន បានធ្វើពិធីបើកនៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ ដោយមានការចូលរួមពីលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ានលោក វ៉ាង ឈីង ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន លោកស្រី សារ៉ា អាល់ បាគ្រី ដេវ៉ាដាសុន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំអាស៊ាន ព្រមទាំងមន្ត្រី អ្នកប្រាជ្ញនិងតំណាងធុរកិច្ចផងដែរ។
ព្រឹត្តិការណ៍នេះធ្វើឡើង ខណៈដែលអាស៊ាន និងចិន រំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនារបស់ពួកគេ និងខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កិច្ចពិភាក្សាផ្តោតទៅលើការកសាងភាពជាដៃគូដ៏រឹងមាំ មានប្រសិទ្ធភាព បើកចំហ និងបរិយាបន្ន ដើម្បីផលប្រយោជន៍របស់តំបន់ និងពិភពលោកទាំងមូល។
លោក វ៉ាង ឯកអគ្គរដ្ឋទូត បាននិយាយថា ពាណិជ្ជកម្មអាស៊ាន-ចិន មានលើសពី ១ពាន់ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៥ ខណៈដែលគម្រោងតភ្ជាប់សំខាន់ៗ ដូចជាផ្លូវដែកចិន-ឡាវ និងផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែង។ លោកបានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ចិនចំពោះភាពជាមជ្ឈមណ្ឌលអាស៊ាន និងបានអំពាវនាវឱ្យបញ្ចប់ការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (FTA) ៣.០ ឱ្យបានឆាប់។
លោក កៅ អគ្គលេខាធិការ បានគូសបញ្ជាក់ពីវិស័យអាទិភាពចំនួនប្រាំសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត ដែលរួមមាន ការរក្សាសន្តិភាព និងស្ថិរភាព ការជំរុញការផ្លាស់ប្តូរឌីជីថល និងនវានុវត្តន៍ ការពង្រឹងកិច្ចសហប្រតិបត្តិការថាមពល ការបង្កើនភាពធន់ប្រឆាំងនឹងបញ្ហាប្រឈមឆ្លងដែន និងការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅកាន់ប្រជាជន។ លោកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន(DEFA) ត្រូវបានគេរំពឹងថានឹងពង្រីកសេដ្ឋកិច្ចឌីជីថលរបស់តំបន់នេះឱ្យបានដល់ ២ពាន់ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០៣០ ដែលបង្កើតឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យបញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





