ឥណ្ឌូណេស៊ីកាត់បន្ថយតម្លៃសំបុត្ររថភ្លើង និងយន្តហោះ ដើម្បីជំរុញវិស័យទេសចរណ៍នារដូវក្តៅ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងដាក់ចេញនូវកម្មវិធីលើកទឹកចិត្តជាបន្តបន្ទាប់សម្រាប់អ្នកដំណើរ ដើម្បីកាត់បន្ថយថ្លៃដើមនៃការធ្វើដំណើរ ដើម្បីជំរុញវិស័យទេសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងអំឡុងពេលវិស្សមកាលសាលាឆ្នាំ២០២៦។
លោក ឌូឌី ភើរវ៉ាហ្កាន់ឌី រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីបាននិយាយកាលពីពេលថ្មីៗនេះថា កម្មវិធីគាំទ្រនេះរួមមានការបញ្ចុះតម្លៃ៣០% លើសេវាកម្មរថភ្លើងថ្នាក់សេដ្ឋកិច្ច និងថ្នាក់ពាណិជ្ជកម្មទាំងអស់ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា និងទៅលើផ្លូវដឹកជញ្ជូនអ្នកដំណើរតាមសមុទ្រថ្នាក់សេដ្ឋកិច្ច ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី១៥ខែសីហា។
រដ្ឋាភិបាលក៏កំពុងលើកលែងថ្លៃសេវាកំពង់ផែមួយចំនួនផងដែរ ចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា។
លើសពីនេះទៀត រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តពន្ធលើតម្លៃបន្ថែម ១០០% សម្រាប់សំបុត្រយន្តហោះថ្នាក់សេដ្ឋកិច្ច ដែលបានកំណត់ពេលទិញសម្រាប់ការធ្វើដំណើររវាងថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី០៥ខែកក្កដា។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា វិធានការទាំងនេះមានបំណងគាំទ្រដល់ការធ្វើដំណើរក្នុងរដូវទេសចរណ៍រដូវក្តៅ ខណៈដែលផ្តល់នូវការជំរុញបន្ថែមដល់ការដឹកជញ្ជូន ទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក។លោកបានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូណេស៊ីរំពឹងថា កម្មវិធីនេះនឹងជួយបង្កើនការប្រើប្រាស់ក្នុងស្រុក និងកំណើនសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





