ឥណ្ឌូណេស៊ីរំពឹងថានឹងសន្សំថវិកាបាន ៨,៨៤ពាន់លានដុល្លារអាម៉េរិកពីការដាក់ឱ្យប្រើប្រាស់ប្រេងម៉ាស៊ូតជីវសាស្រ្ត B50
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីនឹងចាប់ផ្តើមអនុវត្តកម្មវិធីប្រេងម៉ាស៊ូតជីវៈសាស្រ្ត B50 ជាកាតព្វកិច្ចនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកក្កដា ដែលជាចលនាមួយដែលរំពឹងថានឹងពង្រឹងភាពគ្រប់គ្រាន់ដោយខ្លួនឯងផ្នែកថាមពល និងកាត់បន្ថយការនាំចូលប្រេងម៉ាស៊ូត។
យោងតាមលោក ហារី ភើរណូម៉ូ នាយកផ្នែកបង្កើនប្រសិទ្ធភាព និងចែកចាយប្រេងឥន្ធនៈនៅខាងក្រោមក្រុមហ៊ុន PT Pertamina Patra Niaga ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋ PT Pertamina បានប្រកាសពីការត្រៀមខ្លួនប្រតិបត្តិការពេញលេញរបស់ខ្លួនទូទាំងប្រទេសសម្រាប់ការអនុវត្តកម្មវិធីនេះ។
លោក ហារី បានកត់សម្គាល់ថា បរិមាណចែកចាយប្រេងឥន្ធនៈសរុបនឹងនៅតែមិនផ្លាស់ប្តូរពីប្រភេទប្រេង B40 នាពេលបច្ចុប្បន្ន។
លោកបានបន្ថែមថា ចំពោះតម្លៃវិញ វានឹងត្រូវបានកែតម្រូវដោយផ្អែកលើលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលគោលនយោបាយនេះចូលជាធរមាន។
រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក បាលីល ឡាហាដាលីយ៉ា បានសង្កត់ធ្ងន់ថា ការដាក់ឱ្យប្រើប្រាស់ប្រេងម៉ាស៊ូតជីវសាស្រ្ត B50 នៅក្នុងខែកក្កដាខាងមុខនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកឯករាជ្យភាពថាមពលជាតិ ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើប្រេងម៉ាស៊ូតដែលនាំចូល។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប៉ាន់ប្រមាណថា ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រេងម៉ាស៊ូតជីវៈសាស្រ្តខ្ពស់នេះ ត្រូវបានគេព្យាករថានឹងជួយសន្សំសំចៃសម្រាប់ប្រទេសនេះបានរហូតដល់ ១៥៧,២៨ពាន់ពាន់លានរូពី (ប្រហែល ៨,៨៤ពាន់លានដុល្លារអាម៉េរិក) នៅឆ្នាំនេះ។
លោក បាលីល បានបញ្ជាក់ថា ការសាកល្បងបច្ចេកទេសជាបន្តបន្ទាប់នៃល្បាយប្រេងម៉ាស៊ូតជីវសាស្រ្ត B50 បានផ្តល់លទ្ធផលវិជ្ជមាន។
ទិន្នន័យដែលចងក្រងរហូតដល់ពាក់កណ្តាលខែមិថុនា បានបង្ហាញថាល្បាយ B50 បង្ហាញពីមាតិកាទឹកទាបជាង B40 ហើយបានដំណើរការល្អនៅទូទាំងមធ្យោបាយដឹកជញ្ជូន និងគ្រឿងចក្រធុនធ្ងន់ផ្សេងៗ។
ការធ្វើតេស្តបច្ចេកទេសសម្រាប់វិស័យរថយន្ត ដែលបានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៥ កំពុងដំណើរការសម្រាប់ការបញ្ចប់នៅក្នុងខែនេះ។ទន្ទឹមនឹងនេះ ការធ្វើតេស្តទីវាលដ៏ទូលំទូលាយសម្រាប់ឧបករណ៍រុករករ៉ែម៉ាស៊ីនជីក និងគ្រឿងចក្រកសិកម្ម នឹងបន្តរហូតដល់ឆមាសទីពីរនៃឆ្នា២០២៦។
រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏កំពុងបញ្ចប់ការវាយតម្លៃបច្ចេកទេសឯកទេសនៃប្រេងម៉ាស៊ូតជីវសាស្រ្ត B50 សម្រាប់បណ្តាញផ្លូវដែកជាតិ និងវិស័យផលិតថាមពលផងដែរ ដើម្បីធានាបាននូវភាពជឿជាក់នៅទូទាំងវិស័យដឹកជញ្ជូន និងថាមពល៕





