នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអំពាវនាវឱ្យមានការលើកកម្ពស់ការផ្លាស់ប្តូរទ្វេភាគីទៅកាន់កម្រិតបន្ទាប់ ក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក គីម មីនស៊ុក (Kim Min-seok) បានអំពាវនាវកាលពីថ្ងៃអង្គារ ឱ្យលើកកម្ពស់ការផ្លាស់ប្តូរទ្វេភាគីជាមួយប្រទេសចិន ក្នុងវិស័យនយោបាយសេដ្ឋកិច្ច វប្បធម៌ និងយុវជន ខណៈពេលដែលលោកបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លី ឈាង (Li Qiang) ។
លោក គីម បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលជួបជាមួយលោកលី នៅទីក្រុងដាលៀន ប្រទេសចិន ជាកន្លែងដែលលោកទៅទស្សនកិច្ចដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានគេស្គាល់ថាជាវេទិកាដាវ៉ូសរដូវក្តៅ (Summer Davos Forum) ។
លោក គីម បានមានប្រសាសន៍នៅក្នុងសុន្ទរកថាបើកកម្មវិធីថា«ប្រទេសកូរ៉េខាងត្បូង និងចិន ត្រូវនាំយកការផ្លាស់ប្តូរទ្វេភាគីរបស់យើងទៅកាន់កម្រិតបន្ទាប់ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងកិច្ចសហប្រតិបត្តិការយុវជន»។
លោកបានមានប្រសាសន៍ថា «ដោយផ្អែកលើកិច្ចប្រជុំកំពូលមុនរវាងមេដឹកនាំរបស់យើង កិច្ចប្រជុំថ្ងៃនេះមានអត្ថន័យខ្ពស់ ជាស្ពានឆ្ពោះទៅរកការចូលរួមនយោបាយប្រកបដោយចីរភាពនាពេលអនាគត»។
លោក គីម បានបន្ថែមថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងផ្តល់ឱកាសដើម្បីពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់យើង នៅពេលដែលវាចូលដល់ដំណាក់កាលថ្មីមួយ»។
លោក លី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការកសាងទំនុកចិត្តបន្ថែមទៀតជាមួយកូរ៉េខាងត្បូង និងពង្រីកវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់មេដឹកនាំប្រទេសទាំងពីរ។
លោក លី បាននិយាយថា «តាមរយៈនេះ យើងសង្ឃឹមថានឹងជំរុញភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសចិន និងកូរ៉េខាងត្បូង ក្នុងលក្ខណៈវិជ្ជមាន ព្រមទាំងសម្រេចបាននូវវិបុលភាព និងស្ថិរភាពក្នុងតំបន់»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





