តួកមេនីស្ថានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារពិភពលោកដើម្បីកែលម្អប្រព័ន្ធស្ថិតិជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- គណៈកម្មាធិការស្ថិតិរដ្ឋតួកមេនីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសតួកមេនីស្ថាន និងធនាគារពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៣១៤.០០០ដុល្លារអាម៉េរិក ដើម្បីជួយកែលម្អប្រព័ន្ធស្ថិតិរបស់ប្រទេសនេះ។
គណៈកម្មាធិការបាននិយាយថា កិច្ចព្រមព្រៀងនេះផ្តល់ការគាំទ្រផ្នែកប្រឹក្សាសម្រាប់ការជំរុញប្រព័ន្ធស្ថិតិជាតិរបស់ប្រទេសតួកមេនីស្ថានទៅតាមស្តង់ដារនៃប្រព័ន្ធគណនីជាតិ (SNA) ឆ្នាំ២០២៥ និងសម្រាប់ការបង្កើនវិធីសាស្រ្តនៃការគណនាផលិតផលក្នុងស្រុកសរុប (GDP)។
យោងតាមគណៈកម្មាធិការបានឱ្យដឹងថា ការចុះហត្ថលេខានេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ចរបស់ប្រទេសតួកមេនីស្ថាន លោក ម៉ាមេតហ្គូលី អាស្ដានហ្គូឡូវ (Mammetguly Astangulov) អ្នកគ្រប់គ្រងប្រទេសធនាគារពិភពលោកប្រចាំប្រទេសកាហ្សាក់ស្ថាន និងតូកមេនីស្ថាន លោក អានដ្រេយ មីកនេវ (Andrei Mikhnev) និងអ្នកគ្រប់គ្រងប្រតិបត្តិការរបស់អង្គការសម្រាប់តំបន់អាស៊ីកណ្តាល លោក អ៊ីនឌូ ចន អាប្រាហាម (Indu John-Abraham)។
ប្រព័ន្ធ SNA គឺជាក្របខ័ណ្ឌដែលបានព្រមព្រៀងគ្នាជាអន្តរជាតិដែលផ្តល់អនុសាសន៍សម្រាប់ការវាស់វែង និងចងក្រងសកម្មភាពសេដ្ឋកិច្ច។
យោងតាមក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រព័ន្ធ SNA ឆ្នាំ២០២៥ បានណែនាំប្រធានបទថ្មីៗដូចជាសកលភាវូបនីយកម្ម ឌីជីថលូបនីយកម្ម បញ្ហាហិរញ្ញវត្ថុដែលកំពុងលេចចេញហិរញ្ញវត្ថុឥស្លាម និងសេដ្ឋកិច្ចក្រៅផ្លូវការ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





