អាស៊ែបៃហ្សង់ និងអាមេនី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូននៃចរាចរណ៍ប្រព័ន្ធអ៊ីនធឺណិត
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមហ៊ុន AzerTelecom និងក្រុមហ៊ុន Telecom Armenia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការដឹកជញ្ជូនពាណិជ្ជកម្មនៃចរាចរណ៍អ៊ីនធឺណិតអន្តរជាតិរវាងប្រទេសអាស៊ែបៃហ្សង់ និងប្រទេសអាមេនី។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនទាំងពីរកាលពីថ្ងៃចន្ទ។
ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន AzerTelecom នឹងផ្តល់សេវាកម្មដឹកជញ្ជូនសម្រាប់ចរាចរណ៍ដែលមានគោលដៅទៅកាន់ប្រទេសអាស៊ែបៃហ្សង់តាមរយៈហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួន ខណៈដែលក្រុមហ៊ុន Telecom Armenia នឹងផ្តល់សេវាកម្មដឹកជញ្ជូនទៅវិញទៅមកសម្រាប់ចរាចរណ៍ដែលមានគោលដៅទៅកាន់ប្រទេសអាស៊ែបៃហ្សង់តាមរយៈបណ្តាញរបស់ខ្លួន។
ក្រុមហ៊ុន AzerTelecom គឺជាប្រតិបត្តិករអ៊ីនធឺណិតឆ្អឹងខ្នងឈានមុខគេរបស់ប្រទេសអាស៊ែបៃហ្សង់ ខណៈដែលក្រុមហ៊ុន Telecom Armenia គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនរបស់ប្រទេសអាមេនី។
ក្រុមហ៊ុនទាំងពីរបាននិយាយថា កិច្ចព្រមព្រៀងទាំងនេះត្រូវបានរចនាឡើងដើម្បីធ្វើពិពិធកម្មនៃផ្លូវទំនាក់ទំនងនៅទូទាំងតំបន់ ពង្រឹងភាពជឿជាក់នៃបណ្តាញ និងពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនក្នុងវិស័យទូរគមនាគមន៍៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





