អនុប្រធានាធិបតីចិនជួបជាមួយសមភាគីអាហ្វ្រិកខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- អនុប្រធានាធិបតីចិន លោកហាន់ ហ្សេង (Han Zheng) បានជួបជាមួយអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ភូល ម៉ាសាទីឡេ (Paul Mashatile) កាលពីថ្ងៃអង្គារ នៅទីក្រុងប៉េកាំង។
លោក ហាន់ បានរំលឹកថា លោកបានធ្វើជាសហប្រធានជាមួយលោកម៉ាសាទីឡេ នៃសម័យប្រជុំពេញអង្គលើកទី៩ នៃគណៈកម្មការទ្វេភាគីចិន-អាហ្វ្រិកខាងត្បូង កាលពីខែមីនា ដោយលោកបានលើកឡើងថាវាជាជោគជ័យទាំងស្រុង។
លោក ហាន់ បាននិយាយថា ភាគីទាំងពីរគួរតែធ្វើសកម្មភាពបន្ថែមទៀតលើការយោគយល់គ្នាដ៏សំខាន់រវាងប្រមុខរដ្ឋទាំងពីរ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងខិតខំដើម្បីវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តលទ្ធផលនៃកិច្ចប្រជុំ។
លោកបាននិយាយថា ក្នុងនាមជាសមាជិកនៃក្រុម BRICS និង G20 ប្រទេសចិន និងអាហ្វ្រិកខាងត្បូង គួរតែពង្រឹងការសម្របសម្រួលអន្តរជាតិនិងដើរតួនាទីវិជ្ជមានរួមគ្នាក្នុងការកែលម្អអភិបាលកិច្ចសេដ្ឋកិច្ចសកល។
លោក ម៉ាសាទីឡេ បាននិយាយថា ប្រទេសអាហ្វ្រិកខាងត្បូងតែងតែប្តេជ្ញាចិត្តក្នុងការពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ និងបង្កើនកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន។
លោកបាននិយាយថា ប្រទេសអាហ្វ្រិកខាងត្បូងប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិនដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារផលប្រយោជន៍ស្នូលរៀងៗខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





