ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារនៅស្រុកជើងព្រៃ ទទួលអំណោយមនុស្សធម៌បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា
AKP កំពង់ចាម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ -- ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៦គ្រួសារ នៅស្រុកជើងព្រៃ ទទួលអំណោយមនុស្សធម៌បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមរយៈលោក ស្រី សុភ័ក្រ្ត លេខាធិការគណ:កម្មាធិការសាខា តំណាងឱ្យ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា។

ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់នោះ លោក ស្រី សុភ័ក្រ្ត លេខាធិការគណ:កម្មាធិការសាខា បានពាំនាំនូវការចូលរួមសោកស្តាយ និងការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជាមួយក្រុមគ្រួសាររងគ្រោះ ដែលបង្កឡើងដោយគ្រោះមហន្តរាយពីធម្មជាតិស្មានមិនដល់ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុហេតុណាមួយ ពិសេសនៅពេលមេឃកលភ្លៀង និងមានភ្លៀងធ្លាក់ ដែលតែងតែមានបាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ជាដើម។

ចូរបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់បំផុតទើបយើងបង្ការបានការការពារខ្លួន ជៀសផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត និងចូលរួមថែទាំសុខភាពឱ្យបានល្អ ដោយប្រកាន់នូវអនាម័យបីប្រការ គឺ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ចំពោះអំណោយដែលផ្ដល់ជូនជាថវិកាទៅតាមទំហំនៃការខូចខាតជាក់ស្តែង ចាប់ពីសាខាបានផ្តល់ថវិកាជូនគ្រួសាររងគ្រោះសម្រាប់ការស្ដារ និងជួសជុលឡើងវិញ តាមកម្រិតខូចខាតជាក់ស្តែង ក្នុងទំហំទឹកប្រាក់ពី ១០០.០០០រៀល ដល់ ១៥០.០០០រៀល៕

ដោយ៖ ឆាយ ម៉ុត





