យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយការបាត់បង់អាយុជីវិតនៅលើដងផ្លូវ
AKP កែប ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦-- លោក ឃន វុទ្ធី អភិបាលក្រុងកែប បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងក្បួនដង្ហែផ្សព្វផ្សាយតាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការស៊ីប៉ា និងមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងពិធីនេះ លោក ឃន វុទ្ធី បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិជារៀងរាល់ឆ្នាំ។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសហគមន៍។

លោក ឡឹក ហាប់ នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស បានឱ្យដឹងថា សាលាបានបង្កើតក្រុមទូតសុឆន្ទៈសុវត្ថិភាពចរាចរណ៍ចំនួន ២៥នាក់ ដើម្បីចូលរួមផ្សព្វផ្សាយ និងអប់រំអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស និងសហគមន៍ ក្រោមការគាំទ្រពីអង្គការស៊ីប៉ា។
លោកនាយកបានបន្ថែមថា ក្នុងរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខេត្តកែបមានគ្រោះថ្នាក់ចរាចរណ៍សរុប ១៧៥ករណី បណ្តាលឱ្យមនុស្សស្លាប់ ៦១នាក់ និងរបួស ៣១៥នាក់។ មូលហេតុសំខាន់ៗរួមមាន ការបើកបរមិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនគោរពច្បាប់ចរាចរណ៍។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ពិធី សិស្សានុសិស្សជាសមាជិកក្រុមទូតសុឆន្ទៈ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ច បានចូលរួមដង្ហែក្បួនផ្សព្វផ្សាយតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងកែប ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ និងជំរុញឱ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន៕

ដោយ AKP





