ប្រធានាធិបតីលីបង់ ពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីបទឈប់បាញ់ និងការកើនឡើងនៃភាពតានតឹងជាមួយអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ -- នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ប្រធានាធិបតីលីបង់ លោក ចូសេប អេអួន បាននិយាយថា លោកបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងបទឈប់បាញ់ជាមួយអ៊ីស្រាអែល និងបញ្ឈប់ការកើនឡើងរបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ជាមួយមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងកាតា។
លោក អេអួន បានទទួលការហៅទូរស័ព្ទពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ ទីប្រឹក្សាជាន់ខ្ពស់ លោក ចារ៉េដ គូស្ន័រនិងនាយករដ្ឋមន្ត្រីកាតា លោក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ ថានី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នោះ។
កិច្ចពិភាក្សាបានផ្តោតទៅលើជំហានចាំបាច់ ដើម្បីធ្វើឱ្យមានស្ថិរភាពបទឈប់បាញ់ និងបញ្ឈប់ការកើនឡើងនៃភាពតានតឹងរបស់អ៊ីស្រាអែលប្រឆាំងនឹងលីបង់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាកឈី បាននិយាយកាលពីព្រឹកថ្ងៃចន្ទថា កិច្ចចរចាជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសស្វីសដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា បានបង្កើតវឌ្ឍនភាពដ៏សំខាន់ឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅក្នុងប្រទេសលីបង់ និងបន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់។
ការវាយលុកយោធារបស់អ៊ីស្រាអែលនៅលីបង់បានសម្លាប់មនុស្សជាង ៤.០០០នាក់ របួសជាង ១២.០០០នាក់ផ្សេងទៀត និងបានជម្លៀសប្រជាជនជាង ១លាននាក់ចាប់តាំងពីថ្ងៃទី០២ ខែមីនា។ នេះបើយោងតាមអាជ្ញាធរលីបង់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





