ឯកឧត្ដម ឃួង ស្រេងឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការ ជាមួយពលរដ្ឋដើម្បីឈានទៅសម្អាត និងបង្ក្រាបបទល្មើសOnline Scams ឆាប់អស់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម ឃួង ស្រេងបានប្រាប់អាជ្ញាធរខណ្ឌទាំង១៤ឱ្យសហការជាមួយពលរដ្ឋឱ្យពួកគាត់ផ្ដល់ព័ត៍មាន ដើម្បីឈានទៅដល់ការសម្អាតបង្ក្រាបបទល្មើសOnline Scams ឆាប់អស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសត្រូវចេះចលនាប្រជាពលរដ្ឋទូទៅឱ្យចូលរួម ដោយធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណីប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹង ដើម្បីចាត់វិធានការបង្រ្កាបភ្លាមៗផងដែរ ។
ឯកឧត្ដម ឃួង ស្រេង បានណែនាំបែបនេះ នៅខណៈពេលឯកឧត្ដម កោះប្រជុំជាបន្ទាន់រឿងការងារបង្ក្រាបបទល្មើស Online Scams ជាមួយឧត្តមសេនីយ៍ឯក មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការនគរបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ មន្ដ្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ១០២៦ ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការបង្រ្កាបបទល្មើសនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ស្នងការដ្ឋាននគរបាលរាជធានី និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវអនុវត្តវិធានការជំនាញរបស់ខ្លួនឱ្យកាន់តែសកម្មថែមទៀត ជាពិសេសត្រូវជំរុញឱ្យមានការចូលរួមសហការពីម្ចាស់ទីតាំងសណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ផ្ទះជួល ជាដើម ធ្វើយ៉ាងណាឱ្យការអនុវត្តន៍អនុក្រឹត្យលេខ ០៣ កាន់តែមានប្រសិទ្ធិភាព រហូតឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌទាំងអស់ត្រូវជំរុញចលនាចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ធ្វើយ៉ាងណាលើកទឹកចិត្តដល់ពួកគាត់ឱ្យផ្តល់ព័ត៌មាន ក្នុងករណី ប្រទះឃើញករណីសង្ស័យមានការប្រព្រឹត្តបទល្មើសនៅក្បែរ ឬក្នុងមូលដ្ឋានរបស់ពួកគាត់ ត្រូវរាយការណ៍ឱ្យអាជ្ញាធរដឹងដើម្បីចាត់វិធានការបង្រ្កាប។


ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានបន្តទៀតថា ជាមួយនឹងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងអាជ្ញាធរ កងកម្លាំង ម្ចាស់ទីតាំង និងប្រជាពលរដ្ឋទូទៅ យើងសង្ឃឹមយ៉ាងមុតមាំថា ការបោសសម្អាតករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)នឹងអាចធ្វើទៅបានកាន់តែមានប្រសិទ្ធិភាពខ្ពស់៕
ដោយ សួស សំរិត





